សន្ដិសុខសង្គម

ចាប់​ជនសង្ស័យ​ម្នាក់​ចំណោម​៤នាក់​ប្រើដាវ​កាប់​គេឱ្យរបួសធ្ងន់

ពោធិ៍សាត់៖កម្លាំងសមត្ថកិច្ច​បានស្រាវជ្រាវចាប់ជនសង្ស័យ​ម្នាក់​ចំណោម​៤​នាក់ ករណី​ប្រើដាវកាប់​លើ​ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់កាលពីរសៀល​ថ្ងៃទី​៩ ខែធ្នូ។

មន្ត្រីនគបាលបានឱ្យដឹងថា មានបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះឃឿ​ត វ៉ាន់ឌី អាយុ​២១​ឆ្នាំ នៅ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​។ក្នុងបណ្តឹងបានបញ្ជាក់ថា មុនកើតហេតុ ជនដៃដល់ចំនួន៤នាក់​បានប្រើដាវកែច្នៃកាប់លើរូបគេបណ្ដាលឱ្យរងរបួសដៃខាងឆ្វេងដេរ១០ថ្នេរ។

បន្ទាប់ពីទទួលបានបណ្តឹងនោះ ផ្នែកជំនាញស្រុកបានចុះស្រាវជ្រាវឈានដល់ចាប់​ជនសង្ស័យបានម្នាក់ក្នុងចំណោម៤នាក់។ជនដៃដល់ឈ្មោះ វុយ សំភាស់ អាយុ២២ឆ្នាំ នៅភូមិរហាលទិល ​ខេត្តពោធិ៍សាត់។ចំណែកបក្ខពួក៣នាក់ទៀតកំពុងរត់គេចខ្លួន។

ពេលចាប់ខ្លួន សមត្ថកិច្ច​ដកហូត​ដាវកែច្នៃ១​-ម៉ូតូ​១គ្រឿងម៉ាកវ៉េវ​អាល់​ហ្វា គ្មាន​ផ្លាក​លេខនិង​ទូរសព្ទ​១គ្រឿង។​ជនសង្ស័យ​បាន​សារភាព​​ថា ខ្លួន​បាន​​កាប់​លើ​ជនរងគ្រោះ​ឱ្យរងរបួសធ្ងន់ពិតមែន ព្រោះរឿងប្រចណ្ឌអតីតប្រពន្ធដែលលែងលះគ្នារួចហើយ។ក្រោយមកសមត្ថកិច្ចបានបន្ត​នីតិវិធីស្វែងរកចាប់បក្ខពួកបន្ថែមទៀតយកមកអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ