ព័ត៌មានជាតិ

ក្រពើភ្នំប្រមាណ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិប្រទេសកម្ពុជា

រាជធានីភ្នំពេញ៖ នៅក្នុងប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាន​នៃសត្វក្រពើភ្នំ (Siamese Crocodile) ឬក្រពើត្រី ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុបប្រមាណ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននៅលើពិភពលោក ចំនួនសត្វក្រពើភ្នំដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី១.០០០ ក្បាល។

គួរបញ្ជាក់ថា៖ ក្រពើភ្នំធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះត្រូវបាត់បង់គួរឱ្យបារម្ភពីដែនជម្រក​ធម្មជាតិរបស់ពួកវា។ សត្វក្រពើភ្នំធ្លាប់មានវត្តមានជាច្រើននៅតាមដងទន្លេ និងពាសពេញតំបន់វាលភក់​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។ នៅកម្ពុជា វត្តមានក្រពើភ្នំមាននៅតំបន់ជួរភ្នំ​ក្រវាញ និងថ្មីៗនេះបានរកឃើញវត្តមានកូនសត្វក្រពើភ្នំចំនួន ៨ ក្បាលដែលអាចសន្និដ្ឋានថាយ៉ាង​ហោចមានសត្វក្រពើភ្នំពេញវ័យមួយគូដែលរស់នៅតាមដងទន្លេស្រែពក ខេត្តមណ្ឌលគិរី។

នៅដើមទសវត្សឆ្នាំ១៩៩០ សត្វក្រពើភ្នំត្រូវបានព្រួយបារម្ភថាវានឹង “ផុតពូជ” នៅក្នុងព្រៃធម្មជាតិ ដោយសារតែការបំផ្លាញទីជម្រក ការប្រមាញ់ និងមានការប្រមូលយកទៅចិញ្ចឹមជាលក្ខណៈកសិដ្ឋាន។ នៅពេលបច្ចុប្បន្នវាជាប្រភេទសត្វក្រពើដែលកម្របំផុតមួយនៅលើពិភពលោក។ ចំនួនសត្វព្រៃដែលមាននៅកម្ពុជាដែលស្ថិតក្នុងតំបន់ការពារចុងក្រោយនៃប្រភេទសត្វត្រូវបានប៉ាន់ស្មានថាមានចំនួនតិចជាង ៤០០ក្បាល។

មានការរីកចម្រើនខ្លាំងក្នុងការពារតំបន់ដីសើមសំខាន់ៗ ការការពារទីជម្រករបស់សត្វក្រពើភ្នំ និងប្រភេទដែលកំពុងរងគ្រោះថ្នាក់ឈានទៅរកការវិនាសផុតពូជនេះមានការកើនឡើងវិញ។ ទោះជាយ៉ាងណាការគំរាមកំហែងនៅតែបន្តមានរួមទាំងការចាប់សត្វព្រៃដោយចៃដន្យ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការប្រមាញ់ហួសប្រមាណ និងហានិភ័យដោយចំនួន​នៃការបង្កាត់ពូជមានតិច។ ទាំងអស់នេះជាមូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ FFI បន្តធ្វើការការពារលើរបាយចំនួននៃសត្វក្រពើភ្នំដើម្បីជួយឲ្យចំនួនពួកវាមានការកើនឡើងពីចំនួនតិចតួចឆ្ពោះទៅរកចំនួនដែលមានស្ថិរភាពមួយក្នុងការរស់រានបាន។

កាលពីខែឧសភា ឆ្នាំ២០២២ សត្វក្រពើភ្នំចំនួន ២៥ ក្បាលត្រូវបានលែងចូលជម្រកធម្មជាតិ​នៅតំបន់អារ៉ែង ធ្វើឱ្យសត្វក្រពើភ្នំដែលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិនៅតំបន់ជួរភ្នំក្រវាញ ចាប់តាំងពីឆ្នាំ ២០១២ មកកើនដល់ចំនួន ១៣៦ ក្បាល។ ជាមួយគ្នានេះក៏មានកន្លែងបង្កាត់ពូជក្រពើភ្នំ​នៅឧទ្យានជាតិភ្នំតាម៉ៅ ដែលបច្ចុប្បន្ននេះមានសត្វក្រពើភ្នំតូចធំចំនួន ១៧៩ ក្បាល ដែលក្នុងនោះមាន​សត្វក្រពើភ្នំពេញវ័យចំនួន ៥០ ក្បាល ជំទង់ចំនួន ៦៩ក្បាល និងកូនក្រពើភ្នំទើបញាស់ចំនួន ៦០ក្បាល។ ក្រសួងបរិស្ថានជឿជាក់ថា ជាមួយគម្រោងអភិរក្សសត្វក្រពើភ្នំនេះ នឹងធ្វើឱ្យចំនួនសត្វក្រពើភ្នំក្នុងជម្រក​ធម្មជាតិមានការកើនឡើង បន្ថែមពីការបង្កាត់ពូជនិងកូនញាស់ដើម្បីលែងចូលក្នុងជម្រក​ធម្មជាតិបន្ថែម។

គម្រោងអភិរក្សសត្វក្រពើកម្ពុជា(CCCP) បានធ្វើការយ៉ាងមានប្រសិទ្ធភាពជាមួយសហគមន៍នៅតំបន់​ជួរភ្នំក្រវាញអស់រយៈពេលជាង១៥ឆ្នាំមកហើយ។ ក្រពើភ្នំបានរស់នៅជិតស្និទ្ធនៅក្នុងតំបន់​របស់ជនជាតិដើមភាគតិច ដែលចាត់ទុកថាក្រពើជាសត្វពិសិដ្ឋ។ ជាមួយគ្នានេះ សូមអំពាវនាវដល់​ប្រជាពលរដ្ឋចូលរួមអភិរក្សសត្វដ៏កម្រនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕

ដោយ៖ឧត្តម