ព័ត៌មានជាតិ

កម្ពុជាមានសត្វកន្ធាយក្បាលកង្កែប ឬល្មិចរស់នៅច្រើនជាងគេបំផុត

រាជធានីភ្នំពេញ៖ កន្ធាយក្បាលកង្កែប ឬល្មិច ដែលមានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantori ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុត។

អង្គការ WCS បានឱ្យដឹងថា៖ កន្ធាយក្បាលកង្កែបមានវត្តមានចំនួនតិចតួចប៉ុណ្ណោះក្នុង ប្រទេសឡាវ និងប្រទេសមួយចំនួនទៀត និងវាទំនងជាបានផុតពូជហើយនៅតាមអតីតទីជម្រកដែលវាធ្លាប់រស់នៅ ភាគច្រើនក្នុងប្រទេសវៀតណាមនិងថៃ ដោយសារមានការលួចចាប់និងធ្វើពាណិជ្ជកម្ម រួមទាំងសកម្មភាពខុសច្បាប់ក្នុងការប្រមូលយកពងរបស់យកទៅលក់ ឬធ្វើជាអាហារ។

នៅកម្ពុជា អ្នកវិទ្យាសាស្ត្រមិនបានរកឃើញវត្តមានប្រភេទកន្ធាយនេះទេក្នុងចន្លោះពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៧។ ក៏ប៉ុន្តែ ក្នុងឆ្នាំ ២០០៧ អង្គការអភិរក្សអន្តរជាតិ (CI)បានរកឃើញវត្តមានកន្ធាយនេះ នៅក្នុងទន្លេមេគង្គចន្លោះពីខេត្តក្រចេះ ដល់ស្ទឹងត្រែង។ អង្គការអភិរក្សអន្តរជាតិ CI បានធ្វើការជាមួយ រដ្ឋបាលជលផលការពារប្រភេទកន្ធាយនេះ រហូតដល់ឆ្នាំ ២០១៧ ទើបប្រគល់គម្រោងនេះឲ្យមកអង្គការ WCS គ្រប់គ្រងបន្ត។ ចាប់តាំងពីពេលនោះ មក អង្គការ WCS និងរដ្ឋបាលជលផល បាននិងកំពុងធ្វើការអភិរក្សប្រភេទសត្វនេះ តាមរយៈការទប់ស្កាត់រាល់សកម្មភាពខុសច្បាប់ ទាក់ទងនឹងការចាប់ និងការធ្វើពាណិជ្ជកម្មប្រភេទកន្ធាយក្បាលកង្កែបនេះ កម្មវិធីការពារសម្បុកនៅតាម សហគមន៍ និងគាំទ្រដល់ការអភិវឌ្ឍសហគមន៍ និងសហគមន៍នេសាទ។

កន្ធាយក្បាលកង្កែបគឺជាប្រភេទមួយក្នុងចំណោមប្រភេទកម្រៗជាច្រើនទៀតនៅតាមដងទន្លេមេគង្គ ព្រោះកន្ធាយក្បាលកង្កែបរស់នៅក្នុងអន្លង់ជ្រៅៗជាមួយត្រីដូលហ្វីន និងត្រីបបែលយក្សជាដើម។ ការលែងកន្ធាយក្បាលកង្កែបដែលជាប្រភេទដ៏សំខាន់ចូលក្នុងជម្រកធម្មជាតិ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការស្ដារប្រភេទនេះឡើងវិញកុំឱ្យផុតពូជនាពេលអនាគត។

នៅក្នុងរដូវពងកូនឆ្នាំ ២០២២ នេះ ក្រុមការពារសម្បុកសហគមន៍បានរកឃើញសម្បុក កន្ធាយក្បាលកង្កែប ចំនួន ៦៣ ស្មើនឹង ២១៥៥ពង។ គិតត្រឹមពីដើមខែមីនា ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២ មានកូនកន្ធាយក្បាលកង្កែបសរុបចំនួន ៩៨២កូនបានញាស់ចេញពីសម្បុកចំនួន ៤០ ហើយក្រុមការងារបានលែងកូនកន្ធាយចំនួន ៤០២ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញ និងនៅសល់ ៥៨០ក្បាលទៀត ត្រូវលែងនៅថ្ងៃនេះ។ ក្រុមការងាររំពឹងថាពងដែលនៅសេសសល់អាចនឹង ញាស់បានខ្លះបន្ថែមទៀត។ កាលពីរដូវពងកូនឆ្នាំ២០២១ ក្រុមការងារបានរកឃើញ ៦៦សម្បុក ស្មើនឹង ២៥២៨ពង និងបានលែង ១៣០០ កូន ចូលក្នុងទីជម្រកធម្មជាតិវិញ៕

ដោយ៖ឧត្តម