កីឡា

Busquets និយាយថា ការធ្លាក់​របស់អេស្ប៉ាញពី World Cup ពិត​ជាឈឺចាប់​ណាស់​​  

ខ្សែបម្រើ Sergio Busquets បាននិយាយថា ការរង​បរាជ័យរបស់​ក្រុម​អេស្ប៉ាញ ៣-០ ដោយ​ការស៊ុតបាល់ប៉េណាល់ទីកាត់​ក្ដី ក្រោម​ស្នាដៃ​របស់​ក្រុម​ម៉ារ៉ុក គឺជាវិធី​សម្រេច​ជោគ​វាសនា​ដ៏​សែន​ឈឺចាប់​បំផុត សម្រាប់​ការប្រកួតវគ្គ​ ១៦ក្រុម​ចុង​ក្រោយ ក្នុង​ព្រឹត្តិការណ៍ World Cup កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមទាំង ២ ប្រកួត​ក្នុង​ម៉ោង​ធម្មតា និង​ម៉ោង​បន្ថែម​ពិសេស ១៥នាទី ២ដង ស្មើគ្នា ០-០។

ការស៊ុត​បាល់របស់កីឡាករ Busquets ត្រូវបានសង្គ្រោះដោយអ្នកចាំទី Yassine Bounou ខណៈដែលក្រុម​ម្ចាស់ជើងឯក World Cup 2010 មិន​អាចទម្លុះ​សំណាញ់​ទីបានសូម្បី ១គ្រាប់ ពី​ការទាត់​បាល់ប៉េណាល់កាត់​ក្ដីនេះ។

កីឡាករ Busquets បាន​និយាយ​ថា​៖ «​វា​ជា​រឿង​គួរ​ឱ្យ​សោក​ស្ដាយ​ខ្លាំង​ណាស់​។ វា​ត្រូវ​បាន​សម្រេច​ដោយ​​ការ​ទាត់​ប៉េណាល់ទី ដែល​ជា​​វិធី​សម្រេចដ៏គួរ​ឈឺចាប់​បំផុត​។ វាពិត​ជា​តាន​តឹង​និង​ពិបាក​ណាស់ សម្រាប់ពួកយើង។ យើងបានប្រឹង​ប្រែង​ជម្នះ​វា តែ​យើងខ្វះសំណាងតិចតួច សម្រាប់គ្រាប់​បាល់ចុងក្រោយ»។

ក្រុម​គោជល់​អេស្ប៉ាញ ​ក៏​ធ្លាក់​​ពីព្រឹត្តិការណ៍​ Euro 2020 ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ដោយសារចាញ់​ក្រុម​អ៊ីតាលី ក្នុង​វគ្គ​​ប៉េណាល់ទីនេះដែរ។ កីឡាករ Busquets វ័យ ៣៤ឆ្នាំ នឹងមិនសម្រេច​ភ្លាមៗនោះ​ឡើយថា តើរូប​គេ​នឹងបន្តលេងបាល់ទាត់លក្ខណៈ​អន្តរជាតិទៀត ឬយ៉ាង​ណា?

កីឡាកររបស់​ក្រុម​អ្នក​មាន​បុណ្យ Barcelona រូបនេះ បាននិយាយថា៖ «ឥឡូវនេះអ្វី ដែលសំខាន់បំផុត គឺក្រុមជម្រើសជាតិ មិនមែនខ្ញុំទេ។ វាជា​រាត្រីដ៏តាន​តឹង​មួយ ហើយយើងត្រូវតែប្រឹង​ងើប​ឡើង​វិញ ហើយយក​វាជាបទពិសោធន៍ សម្រាប់ការប្រកួតរបស់យើង។ នៅ​មានកីឡាករក្មេងៗជា​ច្រើនទៀត ដែលនឹងជួយក្រុម​នា​ពេល​អនាគត»៕