សេដ្ឋកិច្ច

សប្ដាហ៍​ចុងខែ​វិច្ឆិកា​និង​ដើមខែ​ធ្នូ ទទួលបាន​ភ្ញៀវទេសចរ​ជាង​៥៥​ម៉ឺន​នាក់​

ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ចាប់ពី​ថ្ងៃទី​២៨ខែវិច្ឆិកាដល់​ថ្ងៃទី​៤ ខែធ្នូ ២០២២ នៅ​ទូទាំងប្រទេស ​ទទួលបាន​ភ្ញៀវ​សរុប​៥៥៤,០៦២​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​៥១៥,៤០៩​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​៣៨,៦៥៣​នាក់​។ តួលេខ​នេះ​មាន​កំណើន ៤៩.៩៨% ធៀប​នឹង​សប្តាហ៍​កន្លងមក​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖​ខេត្តកំពង់ឆ្នាំង ទទួលបាន​ទេសចរ​២០៩,៦៨០​នាក់ ខេត្ត​ព្រះសីហនុ ១៤៦,៤៣៩​នាក់ ខេត្ត សៀមរាប ៤៥,៥៥៦​នាក់ រាជធានី​ភ្នំពេញ ២៩,០៨៧​នាក់ ខេត្តកំពត ២២,២៤២​នាក់ ខេត្តបាត់ដំបង ១៥,៣១៥​នាក់ ខេត្ត​កែប ១៥,១៨៣​នាក់ និង​ខេត្តកំពង់ចាម ១១,៥១៣​នាក់​។​

លោក ថោង ខុន បាន​បន្តថា នា​សប្តាហ៍​កន្លងមក រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បានរៀបចំ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប តាំង​ពិ​ព័រ​ណ៌​និង​បាញ់​កាំជ្រួច កាលពី​ថ្ងៃទី​២-៣ ខែធ្នូ ឆ្នាំ​២០២២ ដោយបាន​ទាក់ទាញ​ភ្ញៀ​ទេសចរ និង​ប្រពល​រដ្ឋ​ប្រមាណ​២០​ម៉ឺន​នាក់​ឱ្យមក​កម្សាន្ត​ផងដែរ ខណៈដែល​ខេត្ត​ព្រះសីហនុ​នៅតែ​បន្ត​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាង​១៤​ម៉ឺន​នាក់ នា​សប្តាហ៍​កន្លងមក​។​

 

​ដោយឡែក ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្តសៀមរាប​បានរៀបចំ​កម្មវិធីរ​ត់​ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ (Angkor International Half Marathon) លើក​ទី​២៧ កាលពី​ថ្ងៃទី​៤ ខែធ្នូ​ឆ្នាំ ២០២២ ដោយមាន​អ្នកចូលរួម​ជិត​៨​ពាន់​នាក់​ក្នុងនោះ​អ្នករត់​ប្រណាំង​អន្តរជាតិ​មាន​ជិត​២០០០​នាក់ មកពី​៦៩​ប្រទេស​។​

​ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​កំពុង​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ចាប់ពី​ថ្ងៃទី​៩-១១ ខែធ្នូ អម​ជាមួយ​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក ចាប់ពី​ថ្ងៃទី​៩-១៤ ខែធ្នូ ឆ្នាំ​២០២២​។​

​គួរ​ជម្រាប​ថា ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ទេស​ចរ​ផ្ទៃក្នុង​ជាង​១០​លាន​នាក់​ហើយ ដែល​បាន​ដើរ​កម្សាន្ត​ក្នុង​ទូទាំង ប្រទេស​។ តាម​ការប៉ាន់ស្មាន អាចមាន​ទេសចរ​ផ្ទៃក្នុង​ជិត​១១​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២២​នេះ​៕​ដោយៈផាវី