សន្ដិសុខសង្គម

រថយន្តដឹកខ្សាច់បែកកង់ជ្រុលបុករថយន្តមួយគ្រឿងទៀតក្រឡាប់ របួសធ្ងន់២នាក់

ភ្នំពេញ​៖រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកខ្សាច់បែកកង់ រេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ហើយរថយន្តដឹកខ្សាច់ក្រឡាប់ផ្ងារកង់បណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅតាមផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យកាលពីវេលាទៀបភ្លឺ ថ្ងៃទី៧ ខែធ្នូ។

អ្នកនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងរថយន្តដឹកទឹកកក ផ្លាកលេខភ្នំពេញ 3B-2714 ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ​ពីជើងទៅត្បូងដោយល្បឿនលឿន។លុះមកដល់កន្លែងខាងលើ​ ស្រាប់តែមានរថយន្តធំដឹកខ្សាច់ផ្លាកលេខភ្នំពេញ​ 3F-1926 បើកតាមផ្លូវ៦០ម៉ែត្រមកពីមុខ ក្នុងល្បឿនលឿន។ខណៈនោះរថយន្តដឹកខ្សាច់បានបែកកង់ ហើយរេចង្កូតទៅបុករថយន្តដឹកទឹកកក មកពីមុខពេញទំហឹងបណ្តាលឱ្យរថយន្តដឹកខ្សាច់ក្រឡាប់ចាក់ខ្សាច់ពេញផ្លូវ។ចំណែករថយន្តដឹកទឹកកក ខូចខ្ទេចខ្ទីផ្នែកខាងមុខស្ទើរទាំងស្រុង ហើយតៃកុងនិងអ្នករួមដំណើររងរបួសធ្ងន់ទាំង២នាក់ត្រូវបានដឹក យកទៅមន្ទីរពេទ្យសង្រ្គោះភ្លាមៗ៕ដោយ៖វិចិត្រ