សន្ដិសុខសង្គម

ត្រៀមបញ្ជូនអ្នកបើកឡានបង្កគ្រោះថ្នាក់លើស្ពានជ្រោយចង្វាទៅតុលាការ

ភ្នំពេញ៖ករណីគ្រោះថ្នាក់ចរាចរលើស្ពានជ្រោយចង្វាធ្វើឱ្យឪពុកម្តាយនិងទារករបួសធ្ងន់នោះផ្នែកជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

តាមការបញ្ជាក់ពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស កាលពីរសៀលថ្ងៃទី៦ ខែធ្នូបានឱ្យដឹងថា ករណីគ្រោះថ្នាក់លើស្ពានជ្រោយចង្វាចាស់នោះ ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ដើម្បីបន្ត​នីតិវិធី។ប៉ុន្តែជនបង្កត្រូវបញ្ជូនខ្លួនទៅតុលាការដែរឬបញ្ជូនតែសំណុំរឿងយ៉ាងណានោះ​មិនទាន់ដឹងច្បាស់នោះទេ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរកើតឡើងកាលពីថ្ងៃទី៥ ខែធ្នូ មានរថយន្តម៉ាក LEXUS NX200t ផ្លាកលេខភ្នំពេញ 2BB-9989 បើកលើស្ពានជ្រោយចង្វាហើយបានបុកម៉ូតូម៉ាក HONDA SCOOPY ផ្លាកលេខ កណ្តាល 1B-9978 ពីក្រោយបណ្តាលឱ្យឈ្មោះ ហុង រត្នថា អាយុ៣៣ឆ្នាំ របួសធ្ងន់-ឈ្មោះ មុច សុខឡេង អាយុ៦០ថ្ងៃរបួសធ្ងន់-ឈ្មោះ មុច ស្រីល័ក្ខ អាយុ៣១ឆ្នាំរបួសធ្ងន់។ទាំង៣នាក់ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សូមបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់នេះភាគីសងខាងបានឯកភាពគ្នាសុំបញ្ចប់សំណុំរឿង​និងប្រគល់ទទួលសំណងរដ្ឋប្បវេណីចំនួន២.៥០០ដុល្លារ ដោយមិនបង្ខិតបង្ខំនៅកន្លែង​នគរបាលចរាចរណ៍ភ្នំពញកាលពីថ្ងៃទី៥ ខែធ្នូរួចរាល់ហើយ។ប៉ុន្តែករណីនេះនៅជាប់បណ្តឹងអាជ្ញា ផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ