ព័ត៌មានជាតិ

ក្រុមអ្នកជំនាញគណៈកម្មការចំពោះកិច្ចអាដហុកនៃអាយស៊ីស៊ី-អង្គរ ចុះពិនិត្យមើលការដ្ឋានជួសជុលប្រាសាទនៅរមណីយដ្ឋានអង្គរ

សៀមរាប៖ ក្រុមអ្នកជំនាញគណៈកម្មការចំពោះកិច្ចអាដហុក(ADHOC) នៃអាយស៊ីស៊ី-អង្គរ កំពុងចំណាយពេលជាច្រើនថ្ងៃក្នុងការចុះពិនិត្យមើលនៅតាមការដ្ឋានជួសជុលប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងបំណងជួយកែលម្អឱ្យការងារទាំងនោះមានដំណើរការល្អ និងស្របតាមលក្ខខណ្ឌនៃធម្មនុញ្ញអង្គរ ដើម្បីអនុវត្តក្នុងការដ្ឋានរបស់ខ្លួនបានរលូន និងល្អប្រសើរថែមទៀតទៅលើបច្ចេកទេសនៃការជួសជុលនានា ឱ្យបានសមស្របទៅតាម​បច្ចេកទេសនៃកិច្ចការពារបេតិកភណ្ឌជាអន្តរជាតិ។

ការចំណាយពេលចុះពិនិត្យមើលតាមការដ្ឋានជួសជុលប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរនេះ គឺជាការងារដ៏ចាំបាច់របស់ក្រុមអ្នកជំនាញអន្តរជាតិ នៃគណៈកម្មការអាដហុក(ADHOC)ដែលត្រូវតែធ្វើឡើងសម្រាប់យកទៅរៀបចំជារបាយការណ៍ ឬក៏អនុសាសន៍ នៅក្នុងកិច្ចប្រជុំបច្ចេកទេស​របស់គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋាន​ប្រវត្តិសាស្ត្រអង្គរ ដែលហៅកាត់ថា អាយ ស៊ី ស៊ីអង្គរ​ (ICC Angkor)លើកទី៣៦ និងកិច្ចប្រជុំពេញអង្គ​លើកទី២៩ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែធ្នូឆ្នាំ២០២២ខាងមុខ។

កាលពីថ្ងៃទី៦ខែធ្នូ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិ​សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) ដោយមានការចូលរួមពីលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរនិងថ្នាក់ដឹកនាំ មន្ត្រីនៃអាជ្ញាធរជាតិអប្សរាផង បានចុះពិនិត្យការងារជួសជុលការដ្ឋានជាច្រើនកន្លែង ដូចជាកន្លែងជួសជុលខ្លោងទ្វារតាកាវ​ភាគខាងលិចនៃក្រុងអង្គរធំ ចុះពិនិត្យមើលការដ្ឋានជួសជុលប្រាសាទបាយ័ននិងការដ្ឋានជួសជុល​ប្រាសាទតុប ខាងលិចជាដើម។

ក្រុមគណៈកម្មការចំពោះកិច្ចADHOC នៃអាយ ស៊ី ស៊ី អង្គរនឹងត្រូវចំណាយពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី៦រហូតដល់ថ្ងៃទី១២ខែធ្នូ ដើម្បីចុះពិនិត្យមើលនៅតាមការដ្ឋានជួសជុលប្រាសាទបុរាណនានា ក្នុងរមណីយដ្ឋានអង្គរនេះ ។

តាមកាលវិភាគរបស់អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៍នេះ ក្រុមគណកម្មការចំពោះកិច្ចADHOC នៃអាយ ស៊ី ស៊ី អង្គរ គ្រោងនឹងចុះពិនិត្យនៅការដ្ឋានជាច្រើនដូចជា ការដ្ឋានជួសជុលប្រាសាទអង្គរវត្ត ការដ្ឋានជួសជុលរាជធានីអង្គរធំ  ការដ្ឋានជួសជុលព្រលានជល់ដំរី…ប្រាសាទជម ទៅពិនិត្យមើលការដ្ឋានជយសជុលប្រាសាទបន្ទាយប្រិយ  ទៅមើលសារមន្ទីរព្រះនរោត្តមសីហនុ ទៅពិនិត្យមើលកន្លែងដែលធ្លាប់តែមានសំណង់ខុសច្បាប់ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញ ហើយត្រូវអាជ្ញាធរអប្សរារៀបចំឡើងវិញ និងទៅពិនិត្យមើលការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច នៅក្នុងអាងនៃបារាយណ៍ទឹកថ្លាជាដើម។

ការចុះពិនិត្យមើលរបស់គណៈកម្មការចំពោះកិច្ចADHOC នៃអាយ ស៊ី ស៊ី អង្គរនេះ តែងធ្វើឡើង ក្នុង១ឆ្នាំ២ដងនៅរៀងរាល់មុនពេលដែលគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor)ចាប់ផ្ដើមជួបប្រជុំបច្ចេកទេសនិងកិច្ចប្រជុំពេញអង្គ៕