កីឡា

Messi លេចធ្លោជាង​គេ ខណៈ​អាហ្សង់ទីន ឡើង​ជួប​ហូឡង់ ក្នុង​វគ្គ ៨ក្រុម នៅ World Cup

នៅ​ទីបំផុត ខ្សែប្រយុទ្ធឆ្នើម Lionel Messi ស៊ុតបញ្ចូលទីបាន ១គ្រាប់ហើយ ក្នុងវគ្គចាញ់​ធ្លាក់ នៅ​ឯ​ព្រឹត្តិការណ៍ World Cup កាលពីថ្ងៃសៅរ៍ ខណៈដែលរូប​គេ​បានជួយ​ជំរុញឱ្យ​ក្រុម​ជម្រើស​ជាតិអាហ្សង់ទីន​ឈ្នះក្រុមអូស្ត្រាលី ២-១ ដែលជា​លទ្ធផល​បង្កើតបាន​នូវ​ការប្រកួតគួរ​ឱ្យ​ចង់​មើល​បំផុត ក្នុង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ហូឡង់ ដែលបានបង្ហាញពីភាពខ្លាំងរបស់​ខ្លួន ក្នុងការ​ទម្លាក់​ក្រុមសហរដ្ឋអាមេរិក នៅ​មុននោះ​។

ប្រធានក្រុមអាហ្សង់ទីន កីឡាករ Messi បានធ្វើ​ការបង្ហាញខ្លួន ក្នុងការ​ប្រកួត​លក្ខណៈ​អាជីពជាលើកទី ១ ០០០ ជាមួយនឹងគ្រាប់បាល់ចំនួន៧៨៩ របស់​ខ្លួន ដើម្បីមក​ស៊ុតបញ្ចូលទីគ្រាប់​បាល់​បើក​ឆាក ក្នុងវគ្គ​ទី១ សម្រាប់​ហ្គេម ក្នុង​វគ្គ ១៦ក្រុម​ចុង​ក្រោយ នៅឯកីឡដ្ឋាន Ahmad bin Ali ក្នុង​ទីក្រុង​ដូហា។

វាជាការបញ្ចប់ទី​យ៉ាង​ល្អ​ប្រណីតមួយពីកីឡាករម្នាក់ ដែលបានបង្ហាញខ្លួន ក្នុងការប្រកួតបាល់ទាត់ World Cup ជា​លើកទី៥ របស់រូបគេ ប៉ុន្តែដែល​នៅ​មុននេះមិនធ្លាប់រកគ្រាប់បាល់បានសោះ​ឡើយ ក្នុងវគ្គ​ចាញ់​​ធ្លាក់​នេះ ​សម្រាប់​ការប្រកួតប្រជែង​ ដែល​រូប​គេកំពុងស្វះ​ស្វែងរកការឈ្នះជើង​ឯក​ជាលើកដំបូង នៅវ័យ ៣៥ឆ្នាំ។

វាមើល​ទៅ​ទំនង​ហាក់ដូចជាក្រុម​អាហ្សង់ទីន នឹងធ្វើ​ដំណើរ​កាន់​តែ​ឆ្ងាយ​ហើយ ក្នុង​ការប្រកួតនេះ នៅពេលដែលកីឡាករ Julian Alvarez បានទាញយកផល​ពីកំហុសរបស់​អ្នកចាំទី ដើម្បីបង្កើនការនាំមុខរបស់​ក្រុម​អាហ្សង់ទីនទ្វេដង ពេល​ហ្គេម​ដំណើរការ​ជិត​បាន ១ម៉ោង។ ប៉ុន្តែ ក្រុម​អូស្ត្រាលី វាយ​បកបាន ១គ្រាប់​វិញ នៅ​ពេល​ដែល​កីឡាករ Craig Goodwin បានស៊ុតបាល់ទៅ​ប៉ះ​ក្បាល​របស់​កីឡាករ Enzo Fernandez ហើយ​ប្លាត​ចូល​ទី នៅ​នាទីទី៧៧ ខណៈ​លទ្ធផល​នោះ​បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​ផ្លូវការ​។

ក្រោយ​ចប់​ការ​ប្រកួត កីឡាករ Messi បាន​ប្រាប់​ទូរទស្សន៍របស់​ប្រទេស​អាហ្សង់ទីន​ថា៖ «វា​ជា​ការ​ប្រកួត ដែល​មាន​ការ​ប៉ះ​ទង្គិច​ដោយ​​រាង​កាយ​ពិត​ៗ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំងជាមួយ​​នឹង​ការ​ទទួលបាន​​ជ័យ​ជម្នះ ដោយ​​យើង​បាន​បោះ​ជំហាន​ទៅ​មុខ​បន្តិច​ទៀតហើយ​»។

ក្រុម​អាហ្សង់ទីន ​ជាក្រុម​មួយ ​ក្នុង​ចំណោម​ក្រុម ​ដែល​ត្រូវបាន​ចាត់​ទុក​ថា មាន​សិទ្ធិ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​នេះ ​មុន​ការ​ព្រឹត្តិការណ៍​នេះ​ចាប់​ផ្ដើម ​ហើយ​ពួកគេ​ងើបឡើង​​វិញ​បាន​យ៉ាង​ល្អ​ប្រសើរ ​ចាប់​តាំង​ពី​រង​បរាជ័យ ដោយសារ​ក្រុម​​អារ៉ាប៊ីសាអូឌីត ​ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន រហូត​ដល់​បាន​​ឡើង​​ទៅ​វគ្គ ​៨​ក្រុម​ចុង​ក្រោយ។

ឥឡូវនេះ ក្រុមពពកស​អាហ្សង់ទីន អាចទន្ទឹងរង់ចាំការប្រកួតវគ្គបន្ទាប់ នៅថ្ងៃសុក្រក្រោយ ទល់នឹងក្រុមហូឡង់ ជាគូប្រកួត ដែល​បាន​បង្កើតនូវ​ការ​ចង​ចាំមួយ​ចំនួន​នៃការប្រកួត នៅ​ World Cup នេះ ក្នុង​នោះ​រួមទាំងវគ្គផ្តាច់ព្រ័ត្រឆ្នាំ១៩៧៨ ដែលក្រុមតំបន់​​អាមេរិកឡាទីន ជាអ្នក​ឈ្នះ ហើយ​និងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ឆ្នាំ១៩៩៨ ដែលពេល​នោះ​ត្រូវ​បាន​សម្រេចដោយគ្រាប់​បាល់​យ៉ាង​អស្ចារ្យ​ពី​​កីឡាករ Dennis Bergkamp របស់​ក្រុម​ហូឡង់​។

សម្រាប់​ក្រុមពណ៌ទឹក​ក្រូចហូឡង់ ក្រុម​របស់លោក Louis van Gaal មួយ​នេះ​ ក៏បានចាប់ផ្តើម​មិន​ជាលេច​ធ្លោ​ណាស់​ណា​នោះទេ ​នៅ​កាតានេះ ប៉ុន្តែពួកគេនៅតែឈរនៅលើគេ ក្នុង​ពូល​របស់​ខ្លួន ហើយកាលពីថ្ងៃសៅរ៍ ពួកគេក៏​មិន​ទាន់​​បានបង្ហាញ​ឱ្យ​ឃើញពី​ទម្រង់​លេង​ដ៏ល្អបំផុតរបស់ពួកគេនៅ​ឡើយ​ដែរ ដើម្បី​យក​ឈ្នះក្រុម​អាមេរិក ក្នុងលទ្ធផល ៣-១ នោះ។

ជ័យជម្នះរបស់ពួកគេ ត្រូវបានបង្កើតឡើងដោយគ្រាប់បាល់បើកឆាកដំបូងដ៏អស្ចារ្យ នៅកីឡដ្ឋាន Khalifa International នេះ ដោយកីឡាករ Memphis Depay បានទម្លុះ​សំណាញ់​ទី បន្ទាប់​ពី​ការ​បញ្ជូន​បាល់​ឱ្យ​គ្នា​ចំនួន ២០ដង។ កីឡាករ Daley Blind ជាអ្នក​រកបានគ្រាប់ទី២ ហើយកីឡាករ Denzel Dumfries ស៊ុត​គ្រាប់​បាល់​ជ័យ​ជម្នះ​ចុង​ក្រោយ បន្ទាប់​ពី​កីឡាករ Haji Wright ជួយ​ឱ្យ​ក្រុម​អាមេរិក​តាមពី​ក្រោយ ២-១។

លោក Van Gaal បាននិយាយថា៖ «យើងតែងតែចង់ធ្វើឱ្យប្រសើរឡើង ហើយចាប់តាំងពីការចាប់ផ្តើមនៃការប្រកួតប្រជែង​នេះ វាកាន់តែមានភាពប្រសើរឡើងៗ ហើយ​កាន់តែប្រសើរឡើងៗ​ ​ពី ១ប្រកួត ទៅ ១ប្រកួត​»៕