កីឡា

១គ្រាប់ ក្នុង​ម៉ោងបន្ថែម​មាន​របួស ជួយ​ឱ្យ​កូរ៉េឡើង​វគ្គ ១៦ក្រុម នៅ World Cup

កីឡាករ Hwang Hee-chan បានស៊ុតបញ្ចូលទី ក្នុងម៉ោងបន្ថែម​មាន​របួស ដើម្បីជួយទាញ​ក្រុម​ជម្រើស​ជាតិកូរ៉េខាងត្បូង (កូរ៉េ) ឱ្យរួចផុតពី​មាត់​ជ្រោះ​នៃ​ការ​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍ World Cup 2022 ហើយ​រុញឱ្យក្រុម​កម្រិត​កំពូល​របស់​អាស៊ី​មួយ​នេះឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ កាលពីថ្ងៃសុក្រ ជាមួយនឹងជ័យជម្នះដ៏​មហអស្ចារ្យ ២-១ លើក្រុមព័រទុយហ្គាល់ ដែលដណ្ដើម​បាន​សិទ្ធិ​ឆ្លង​ទៅ​វគ្គ​ចាញ់ធ្លាក់​រួចហើយ។

ខ្សែប្រយុទ្ធបម្រុង ធ្វើបាន​សម្រេច​គ្រាប់បាល់ដ៏មាន​តម្លៃនោះ នៅនាទីទី៩១ ក្នុង​ហ្គេម​ចុង​ក្រោយ នៅឯកីឡដ្ឋាន Education City ក្នុងប្រទេសកាតា ដែល​ជា​គ្រាប់បាល់​​បង្កើត​ឱ្យមាន​នូវភាព​រីក​រាយ​យ៉ាងរំជួលចិត្ត និងការ​ស្រក់ទឹកភ្នែក​ ក្នុង​ចំណោម​កីឡាករ និងអ្នកគាំទ្ររបស់​ក្រុម​កូរ៉េ។

កីឡាករ Son Heung-min ដែលជាអ្នកបង្កើត​ឱកាស​ឱ្យ​មាន​គ្រាប់​បាល់​​កាត់​ថ្លៃ​មិន​បាន​នោះ ដោយការរត់ និងបញ្ជូនយ៉ាងល្អឥត​ខ្ជោះ បានផ្ដួល​ខ្លួន​ទៅលើទីលាន ពេល​​សំឡេង​កញ្ចែ​ចុង​ក្រោយ​បន្លឺឡើង ហើយទឹកភ្នែករបស់​គេ​បាន​ហូរ​ចេញ​មក​ បន្ទាប់ពីបានដើរតួយ៉ាងសំខាន់ ក្នុងការរួម​ចំណែក​ជួយ​ឱ្យ​ក្រុម​វាយបកពី​ការត្រូវ​បាន​​នាំ​មុខ រហូត​ទទួល​បាន​ជ័យជម្នះ​។

បន្ទាប់មក កីឡាកររបស់​ក្រុមកូរ៉េ បាននាំ​គ្នា​ឈរមើលការប្រកួត រវាងក្រុមហ្គាណា ទល់នឹងក្រុមអ៊ុយរូហ្គាយ តាមរយៈទូរស័ព្ទដៃ ខណៈដែលពួកគេរង់ចាំអ៊ុត​មើលកៅអី​​របស់ពួកគេ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ក្នុង​នាម​ជាក្រុម​លេខ ២ ត្រូវ​បាន​អះអាង​យ៉ាង​ពិត​ប្រាកដ។ នៅពេល​ដែល​ពិត​ជា​បែប​នោះហើយ ពួកគេបាននាំ​គ្នា​អបអរ​ដូច​មនុស្ស​បាត់​សតិ ពោល​គឺរំភើប​ក្រៃលែង មុនពេលនាំ​គ្នារត់ឆ្ពោះយ៉ាង​លឿន​តម្រង់​ទៅរកក្រុមអ្នកគាំទ្រ ដែលនៅពីក្រោយបង្គោល​ទី ហើយ​​ក្រាប​ហែល​លើ​វាលស្មៅ។

ក្រុម​ព័រទុយហ្គាល់របស់កីឡាករ Cristiano Ronaldo នៅតែឈរទី ១ ក្នុង​ពូល H ហើយ​មានន័យថា ពួកគេបាន​គេច​ផុត​ពីការ​ជួប​ជាមួយ​ក្រុម​ប្រេស៊ីល ដែលនៅ​តែ​ជា​ប្រធានពូល G ទោះ​ជា​​ប្រកួត​ចាញ់​ក្រុម​កាមេរូន ១-០ និង​មាន ៦ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​ស្វីស​ក៏ដោយ​។

«ក្នុងនាមជាជនជាតិកូរ៉េ​ម្នាក់ ខ្ញុំមានមោទនភាពខ្លាំងណាស់ ហើយខ្ញុំ​ចង់អរគុណដល់​អ្នកគាំទ្រកូរ៉េទាំងអស់ នៅក្នុងប្រទេសកូរ៉េ»។ នេះ​ជា​សម្ដី​របស់​កីឡាករ Hwang វ័យ ២៦ឆ្នាំ ដែលលេងឱ្យក្រុម Wolves នៅក្របខ័ណ្ឌ Premier League។

កីឡាករ Hwang ដែលបានខកខានការប្រកួត ២លើកដំបូង នៅកាតានេះ ដោយសារតែរបួស បានបន្ថែមថា៖ «នេះគឺជាកាដូ (រង្វាន់) សម្រាប់ពួកគេ។ លើសពីអ្វី ដែលខ្ញុំចង់និយាយ គឺថា ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់»៕