កីឡា

ស្វីស​ទម្លាក់​ស៊ែប៊ី ក្នុង​ជំនួប​ដ៏​ស្វិតស្វាញ រួច​ឡើង​វគ្គ ១៦ក្រុម នៅ World Cup

ក្រុម​ជម្រើស​ជាតិ​ស្វីស បានកក់កៅអី នៅ​វគ្គ ១៦ក្រុមចុងក្រោយ ដោយ​ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​ព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​ប្រទេស​កាតា កាលពីថ្ងៃសុក្រ បន្ទាប់ពីបានយកឈ្នះក្រុមស៊ែប៊ី ៣-២ ក្នុងការប្រកួតដ៏​តាន​តឹង ដែល​បានធ្វើឱ្យពួកគេបញ្ចប់​នូវ​ចំណាត់ថ្នាក់លេខ ២ ក្នុងពូល G។

ខ្សែបម្រើ Xherdan Shaqiri បានជួយឱ្យ​ក្រុម​ស្វីសនាំមុខមុន ប៉ុន្តែគ្រាប់បាល់ពី​ខ្សែប្រយុទ្ធ Aleksandar Mitrovic និង Dusan Vlahovic នាំ​ឱ្យ​ក្រុម​ស៊ែប៊ីជាអ្នក​នាំ​មុខ​ម្ដង មុន​ពេល​ខ្សែប្រយុទ្ធ Breel Embolo ធ្វើ​ឱ្យ​ក្រុម​ទាំង ២ ស្មើ​គ្នា ២-២ នៅនាទីចុង​ក្រោយ​នៃវគ្គ​ទី ១។

គ្រាប់បាល់ដ៏ស្អាតអស្ចារ្យបស់ខ្សែបម្រើ Remo Freuler ពេល​ការ​ប្រកួត​ចាប់​ផ្ដើម នៅវគ្គ​ទី ២ ត្រឹម ៣នាទី គឺ​ជា​គ្រាប់​បាល់​ជ័យ​ជម្នះ ដែល​បញ្ជូនក្រុមស្វីសទៅបង្ហាញ​ខ្លួន ក្នុង​​វគ្គចាញ់​ធ្លាក់​ជាលើកទី ៤ ពី​ការប្រកួត​ប្រជែង នៅ World Cup ចំនួន ៥ដង​។

ប្រធានក្រុមស្វីស កីឡាករ Granit Xhaka បាននិយាយថា៖ «វាជាហ្គេម ដែលច្របូក​ច្រល់​ជាមួយនឹង​​អារម្មណ៍ជាច្រើន ប៉ុន្តែជារួម ការប្រកួតគឺមានភាពយុត្តិធម៌។ យើងចង់ផ្តោតលើបាល់ទាត់ និងឈ្នះការប្រកួត ហើយយើងសម្រេច​បាន​។ ឥឡូវនេះ យើងស្ថិតក្នុងវគ្គ ១៦ក្រុម ហើយយើងមានមោទនភាពណាស់​»។

អារម្មណ៍​ស្អប់​ខ្ពើម បានបំផ្លាញ​ជំនួប រវាង​ក្រុម​ទាំង ២ ក្នុងការប្រកួត កាល​ពី​ឆ្នាំ​២០១៨ នៅពេលដែលកីឡាករ Xhaka និង Shaqiri អបអរការ​ស៊ុត​បញ្ចូល​ទី ដោយធ្វើកាយវិការគាំទ្រប្រទេស​កូសូវ៉ូ ដែលធ្វើឱ្យប្រជាជនស៊ែប៊ីខឹងសម្បាយ៉ាង​ខ្លាំង​។

អារម្មណ៍បែប​នោះ បានពុះ​កញ្ជ្រោល​ឡើង​ទៀត នៅក្នុងវគ្គ​ទី២ ក្នុងប្រទេសកាតា កាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមស៊ែប៊ី បានប្តឹងទាម​ទារការទាត់​បាល់​ពិន័យ ១១ម៉ែត្រ ដោយ​អ្នកប្រកាសប្រចាំ​កីឡដ្ឋាន បានអំពាវនាវឱ្យបញ្ចប់ការស្រែកច្រៀង និងការ​ធ្វើ​កាយវិការរើសអើងគ្រប់​យ៉ាង​ទាំងអស់ ប្រហែល ១៥​នាទីក្រោយមក។

សម្រាប់​ពូល G នេះ ក្រុម​ប្រេស៊ីល និង​ស្វីស ធ្វើ​ដំណើរ​ទៅវគ្គបន្ត ក្នុង​នាម​ជាក្រុម​លេខ ១ និង​លេខ ២ រីឯ​ក្រុម​កាមេរូន និង​ស៊ែប៊ី ត្រូវ​ហោះត្រឡប់​ទៅ​ប្រទេស​វិញ​ដូច​គ្នា៕