អន្តរជាតិ

សហភាពអឺរ៉ុបកំណត់តម្លៃនាំចូលប្រេងរុស្ស៊ីត្រឹម៦០ដុល្លារក្នុងមួយបារែល

សហភាពអឺរ៉ុបនៅចុងសប្តាហ៍នេះ បានមូលមតិគ្នាកំណត់តម្លៃនាំចូលប្រេងរុស្ស៊ីផ្លូវការ​ត្រឹម៦០ដុល្លារក្នុងមួយបារែលប៉ុណ្ណោះ ដើម្បីធ្វើបាបរុស្ស៊ី កាត់បន្ថយចំណូលរឿង​ឈ្លានពាន​អ៊ុយក្រែន។

យោងតាមប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា ការកំណត់តម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែលលើប្រេងរុស្ស៊ី ត្រូវបានធ្វើឡើងជាផ្លូវការ​យល់ព្រមស្រុះគ្នាដោយសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រ ទី២ខែធ្នូ។ លោកស្រីនិយាយថា “វានឹងកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងមូស្គូយ៉ាងខ្លាំង។ “វានឹងជួយយើងឱ្យមាន​ស្ថិរភាពតម្លៃថាមពលសកលផងដែរ ផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចដែល​កំពុង​រីកចម្រើននៅជុំវិញពិភពលោក”។ នាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី Kaja Kallas បានបន្ថែមថា “ការបាត់បង់ប្រាក់ចំណូលថាមពលរបស់រុស្ស៊ី គឺជាស្នូលនៃការ​បញ្ឈប់ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី”។ ការបន្ទាបតម្លៃប្រេងរុស្ស៊ីនៅក្នុងកម្រិតនេះ នឹងកាត់បន្ថយប្រាក់ចំណូល ១០ពាន់លានដុល្លាររបស់ពួកគេ។ ដោយបានបន្ថែមថា ៦០ដុល្លារនេះគឺចង់ច្រើនផង តាមដំបូងគឺគ្រោងទម្លាក់ឲ្យសល់ត្រឹម៣០ ទៅ៤៥ ដុល្លារក្នុងមួយបារែលប៉ុណ្ណោះ។

ទាក់ទងនឹងការកំណត់តម្លៃនេះ លោកពូទីនបាននិយាយថា សហភាពអឺរ៉ុបកំពុងធ្វើឲ្យ​ពិភពលោកកាន់តែអស្ថិរភាពហើយ ខណៈលោកកំពុងបន្តធ្វើការជាមួយ​សម្ព័ន្ធមិត្ត​ប្រេង​លើបញ្ហានេះ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា