អន្តរជាតិ

ពូទីនបើកកិច្ចប្រជុំសន្តិសុខសំខាន់នៅដើមខែធ្នូនេះ ចំពេលស្ថានភាពនៅអ៊ុយក្រែនដុនដាប

ចំពេលដែលស្ថានភាពសមរភូមិនៅអ៊ុយក្រែនហាក់មានភាពប្រទាញប្រទង់ខ្លាំង មេដឹកនាំ​រុស្ស៊ីលោកពូទីន បានបើកកិច្ចប្រជុំសន្តិសុខសំខាន់មួយបន្ទាន់នៅដើមខែធ្នូនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA ចុះផ្សាយតាមបណ្តាញតេលេក្រាម បានឲ្យដឹងថា លោកប្រធានាធិបតីពូទីន កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំប្រតិបត្តិការមួយជាមួយក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីជាបន្ទាន់ ដោយ​ពិភាក្សា​គ្នាអំពីការ​បណ្តុះបណ្តាល​អ្នក​ជំនាញ​ធានា​សន្តិសុខ​ព័ត៌មាន​របស់​ប្រទេស ក៏ដូចជាបញ្ហាយោធាផ្សេងៗទៀត។ ប្រភពនេះមិនបានលម្អិតថាតើកិច្ចពិភាក្សា​នឹងនិយាយអំពីប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ឬអត់នោះទេ ក៏ប៉ុន្តែជំនួបនេះ​ធ្វើឡើងស្របគ្នាក្នុងពេលដែលទ័ពរុស្ស៊ីកំពុងប្រទាញប្រទង់ខ្លាំងជាមួយទ័ពអ៊ុយក្រែន។

សេចក្តីរាយការណ៍ដូចបានលើកឡើងដដែលៗនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ទ័ពរុស្ស៊ីមិនអាច​វាយអ៊ុយក្រែនបែកនោះទេ ដែលជាកង្វល់មួយដ៏ធំសម្រាប់​វិមានក្រឹមឡាំង។ វិមានក្រឹមឡាំងនៅថ្ងៃសៅរ៍នេះបានចេញសារជាផ្លូវការ សុំចរចាបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន ការចរចាអាចធ្វើឡើងតាមរយៈជាមួយ​បណ្ដាប្រទេសលោកខាងលិច សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន តែរុស្ស៊ីបានស្នើថា សុំឲ្យលោកខាងលិច ពិសេសអាម៉េរិកទទួលស្គាល់នូវទឹកដីសហភាព​សូវៀត​របស់ខ្លួននៅអ៊ុយក្រែន៕

ប្រភព៖ PRAVDA

ប្រភពរូប៖PRAVDA
ប្រែសម្រួល៖សុខ តុលា