សេដ្ឋកិច្ច

ប្រជាពលរដ្ឋ​អាច​ចូល​ប្រើប្រាស់​ម៉ាស៊ីន​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​ចំនួន ៣​បន្ថែមទៀត ក្នុង​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជា​ផ្លូវការ​បាន​ហើយ

ភ្នំពេញ​៖ ឥឡូវនេះ ប្រជាពលរដ្ឋ​ដែលមាន​រថយន្ត​អគ្គិសនី អាច​ចូលមក​សាក​ថ្ម​បាន​នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បន្ទាប់ពី​ម៉ាស៊ីន​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​ចំនួន ៣​បន្ថែមទៀត បាន​ត្រូវ​ដំឡើង​រួចរាល់​នាពេល​ថ្មីៗ​នេះ​។​

​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Station) ថ្មី​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូនជា​ស្ថានីយដែល​ប្រក់​ដោយ​ដំបូល​សូ​ឡា​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​។ស្ថានីយ​នេះមាន​ម៉ាស៊ីន​បញ្ចូល​ថាមពល​អគ្គិសនី​​ចំនួន​០៣ (​មាន​ដៃ​បញ្ចូល​ថាមពល​អគ្គិសនី​ចំនួន​០៦) ហើយ​អាច​សាក​បាន​ចំពោះ​រថយន្ត​អគ្គិសនី​គ្រប់​ប្រភេទ​។​


​ក្នុង​ពិធី​ប្រគល់​-​ទទួល​យានយន្ត​អគ្គិសនី និង​សម្ពោធ​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​នៅ​ទីស្តីការក្រសួង នាពេល​កន្លង មកនេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា​៖​ស្ថានីយ​ជាង​២០០​ទីតាំង​ទៀត​គ្រោង​នឹង​ដំឡើង​ទូទាំងប្រទេស​។​​កំណើន​ការចុះបញ្ជី​យានយន្ត​អគ្គិសនី​ក្នុង​រយៈពេល​១០​ខែ​ចុងក្រោយ គឺមាន​ការកើនឡើង​ជា​ង​១១​ដង បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ដែល​នេះ​បង្ហាញឱ្យឃើញ​ពី​ការយល់ដឹង និង​ការចូលរួម​ប្រើប្រាស់​យានយន្ត​អគ្គិសនី​គួរឱ្យកត់សម្គាល់​នៅ​កម្ពុជា​។

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ពី​កិច្ចសហការ​កន្លងមក​របស់​រាជរដ្ឋាភិបាល​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​រួមមាន​៖ (១)​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP) បានផ្តល់​ម៉ាស៊ីន​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​ចំនួន ៤​គ្រឿង (២) ក្រុមហ៊ុន EV Energy Tech Co., Ltd. បាន​ផ្ដល់នូវ​សម្ភារ​បិ​ក្ខា​រ ដំបូល​សូ​ឡា និង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​ប្រើប្រាស់​ថាម ពល​ពន្លឺព្រះអាទិត្យ ដោយ​បំពាក់​ម៉ាស៊ីន​បញ្ចូល​ថាមពល​អគ្គិសនី​ចំនួន ៣​គ្រឿង មាន​ដៃ​បញ្ចូល​ថាមពល​អគ្គិសនី​ចំនួន​៦ មាន​ទីតាំង​ស្ថិតក្នុង​ទីស្ដីការក្រសួង ដែល​ធ្វើការ​សម្ពោធ​ក្នុងឱកាស​នេះ​ផ្ទាល់​៕ដោយៈសិរីមតី​