សេដ្ឋកិច្ច

ក្រុមហ៊ុន​ទេសចរណ៍​ចំនួន៣ សហការបង្កើត​កម្មវិធី​ឌីជីថល​MaaS ដើម្បី​ផ្ដល់​ភាពងាយស្រួល​លើ​សេវា​ដឹកជញ្ជូន​

​សៀមរាប​៖​ក្រុមហ៊ុន​ទេសចរណ៍​បរទេស​ចំនួន​២ កំពុង​សហការ​ជាមួយ​សមាគម​ដឹកជញ្ជូន​ទេសចរណ៍​កម្ពុជា​TTA DRIVER ដើម្បី​បង្កើត​កម្មវិធី​ឌីជីថល​MaaS ដែល​អាច​បង្ក​ការងាយស្រួល​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិអាច​ប្រើ​សេវា​ដឹកជញ្ជូន​តាម​ប្រព័ន្ធ Digital ទូរស័ព្ទ​ចល័ត​​ដែលជា​កម្មវិធី​មួយ​ជួយ​សម្រួល​ដល់​ការបញ្ជាក់​ពី​ចម្ងាយ នៃ​សេវា​ដឹកជញ្ជូន​ជាមួយ​ក្រុមហ៊ុន ឬ​ភ្នាក់ងារទេសចរណ៍ ឱ្យមាន​ប្រសិទ្ធិភាព​ជាង​មុន ។​

​ក្រុមហ៊ុន SOKEN Inc​នៃ​ប្រទេស​កាណាដា​និង​ក្រុមហ៊ុន Haystack Labs Studio Co., Ltd​នៃ​ប្រទេស​ជប៉ុន បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ជាមួយ​សមាគម​ដឹកជញ្ជូន​ទេសចរណ៍​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​TTA DRIVER រួចហើយ កាលពី​រសៀល​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​ប្រធានការិយាល័យ​ស្ថាន​កុងស៊ុល​កាណាដា​ប្រចាំ​កម្ពុជា​លោក Jan SCAZIGHINO មានប្រសាសន៍ថា​ឥឡូវនេះ​យើង​ដឹង​ហើយ​ថា​ប្រទេស​កម្ពុជា​កំពុងមាន​ការផ្ដល់ជូន​នូវ​សេវាកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក ជាមួយនិង​ប្រាសាទ​អង្គ​វត្ត ហើយ​ការចូលរួម​របស់​ក្រុមហ៊ុន Haystack​គឺជា​កិ​ត្ត​យស​និង​ភាពជា​ឯក​សិទ្ធ​មួយ​សម្រាប់​យើង​។​

​លោក Jan SCAZIGHINO ថ្លែង​ទៀតថា​នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​កាណាដា Justin Trudeau បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ស្របពេលនោះ​យើង​ក៏បាន​សម្រេចចិត្ត​លើ​គោលបំណង​មួយ​សម្រាប់​តំបន់​អាស៊ាន ដើម្បីអោយ​ប្រទេស​កាណាដា​ក្លាយជា​ដៃគូរ​សហការ​ផ្នែក​ពាណិជ្ជកម្ម​និង​អាជីវកម្ម​សម្រាប់​អាស៊ាន​។​មានន័យថា​ផ្នែក​ពាណិជ្ជកម្ម​និង​អាជីវកម្ម​របស់​យើង​កំពុងស្ថិត​នៅក្នុង​ការចរចា​រ​ដ៏​ស៊ីជម្រៅ​មួយ​សម្រាប់​កិច្ចព្រមព្រៀង​រវាង​អាស៊ាន​និង​កាណាដា​។​

​ចំណែក​ប្រធានការិយាល័យ​កុង​សុល​ជប៉ុន ប្រចាំខេត្ត​សៀមរាប​លោក Masaki KAWAGUCHI ​មានប្រសាសន៍ថា ៖​ការអភិវឌ្ឍន៍​​កម្មវិធី ឌីជីថល MaaS គឺជា​កម្មវិធី​មួយ​សម្រួល​ដល់​ការបញ្ជាក់​ពី​ចម្ងាយ​នៃ​សេវា​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន ឬ​ទីភ្នាក់ងារ​ទេសចរណ៍ ឱ្យមាន​ប្រសិទ្ធិ​ភាព​ជាង​មុន ។​លោក Masaki KAWAGUCHI​ក៏​រំពឹងថា​ការបើក​ដំណើរការ​ព្រលានយន្តហោះ​ថ្មី​នៅ​ឆ្នាំក្រោយ​អាច​នឹង​ផ្តល់​ក្តី​សង្ឃឹម​នៃ​កំណើន​ភ្ញៀវ​ទេសចរណ៍​មកកាន់​ទឹកដី​ប្រវត្តិសាស្ត្រ​កម្ពុ​ជាមួយនេះ​។​លោក​សង្ឃឹមថា​គម្រោង​ក​ម្ម​វិធី​ឌីជីថល MaaS នឹង​ត្រូវ​បាន​​គាំទ្រ មិន​ត្រឹមតែ​សម្រាប់អ្នកទេសចរ​ប៉ុណ្ណោះ​ទេ តែ​ក៍​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុង​វិស័យ​ទេសចរ​ណ៏ និង ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនេះ​ផងដែរ​។​

​ប្រធាន​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប​លោក កៅ ហ្វី​លី​ព​ថ្លែងថា​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញរួច​ហើយ​នូវ​អនុសាសន៍​នៃ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរ​ណ៏​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥ អនុសាសន៍​នោះបាន​ស្នើរ​ដល់​គ្រប់ភាគី ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ផ្តល់​អាទិភាព​ដល់​ការ​ដាក់អោយអនុវត្ត​ជាក់ស្តែង នូវ​ផែនការ​មេនេះ ដើម្បី​រួមចំណែក​ក្នុងការ​លើកកម្ពស់ វិស័យ​ទេសចរ​ណ៏ ដែលជា​មាស​បៃតង​យ៉ាងពិត​ប្រាកដ​និង​ដើម្បី​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០​។

​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​អ្នកឧកញ៉ា សៀង ណាំ បាន​ហៅ​ការផ្តួចផ្តើម​រៀបចំ​កម្មវិធី​ឌីជីថល MaaS ដែល​រៀបចំឡើង​បំណង​ឱ្យ​អ្នក​ប្រកប​របរ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​នៃ​សមាគម​ដឹកជញ្ជូន​ទេសចរណ៍​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​(TTA)​ប្រើប្រាស់​នេះ​គឺជា​ការបង្ក​លក្ខណៈ​ជួយ​សម្រួល​ដល់​ការ​កក់​យានជំនិះ​ពី​បណ្តារ សណ្ឋាគារ ឬ​ភ្នាក់ងារទេសចរណ៍ កាន់​តែមាន​ប្រសិទ្ធិភាព​ជាង​មុន​៕​ដោយៈសិរីមតី