សេដ្ឋកិច្ច

ក្នុងពេល​២០​ឆ្នាំ សាលា​ប៉ូល​ឌុយ​ប្រ៊ូ​ល​បាន​បណ្ដុះបណ្ដាល​សិស្ស​ជិត​៥​ពាន់​នាក់ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារការងារ​នៅ​កម្ពុជា​

សៀមរាប​៖ ក្នុង​រយៈពេល​២០​ឆ្នាំ (២០០២-២០២២) សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល ដែលជា​សាលា​ដ៏​ល្បី​មួយ​នៅ​ខេត្ត សៀមរាប បាន​ចូលរួម​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​សិស្ស​ប្រមាណ​ជិត​៥​ពាន​នាក់ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ ការងារ​ក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​ពាក់ព័ន្ធ​នៅ​ខេត្តសៀមរាប ក៏ដូចជា​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

លោក ប៉ូល ឌុយ​ប្រ៊ូ​ល និង​លោក ហ្វ្រ​ង់​ស្វ័​រ ស្នូ​បេ​លែ​ន នាយក​សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល បាន​លើកឡើងថា «​សាលា​បាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ជូន​ដល់​យុវជន​និង​យុវនារី​ខ្មែរ​ចាប់តាំងពី​ឆ្នាំ​២០០២ ដែល​គិត​មកដល់​ឆ្នាំ​២០២២​នេះ គឺមាន​ចំនួន​សរុប​៤,៩៥៥​នាក់​»។​

​លោកនាយក​សាលា​បាន​បន្តថា ការបណ្ដុះបណ្ដាល​គឺ​ផ្ដោតលើ​ជំនាញ​៖​វិជ្ជាជីវៈ​បដិសណ្ឋារកិច្ច និង​ទេសចរណ៍ (​ក្របខណ្ឌ​គុណវុឌ្ឍិ​អាស៊ាន​) ចំនួន​៣,៦៩៧​នាក់ (​ស្រី​ចំនួន​១,៥៥៣​នាក់​)​។​ជំនាញ​គ្រប់គ្រង​បដិសណ្ឋារកិច្ច ចំនួន​៤៩​នាក់ (​ស្រី​ចំនួន​១៦​នាក់​)​។​ជំនាញ​មគ្គុទ្ទេសក៍​ទេសចរណ៍ ចំនួន​៨៩២​នាក់ (​ស្រី​ចំនួន​១៤៦​នាក់​)​។​
​។ ជំនាញ​ផ្នែក​បដិសណ្ឋារកិច្ច សេវាកម្ម​សណ្ឋាគារ​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ ចំនួន​១៣០​នាក់ (​ស្រី​ចំនួន​៨៣​នាក់​) ដោយ​សិស្ស​មិនចាំបាច់​បង់​វិភាគទាន ថែមទាំង​ទទួលបាន​ថ្លៃ​ស្នាក់នៅ និង​អាហារ​។​សិស្ស​កំពុង​សិក្សា​ចំនួន​១៨៧​នាក់ (​ស្រី​ចំនួន​១២៥​នាក់​)​។​

​បើតាម​លោក ហ្វ្រ​ង់​ស្វ័​រ ស្នូ​បេ​លែ​ន បច្ចុប្បន្ន​អតីត​សិ​ស្សិ​សាលា​ប៉ូល​ឌុយ​ប្រ៊ូ​ល​ប្រមាណ​ជាង​៨០%​កំពុង​បម្រើ​ការងារ​នៅក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​ពាក់ព័ន្ធ​ផ្សេងៗ ដែល​មុនពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ពួកគេ​ប្រមាណ​ជាង​៩០%​បាន​បម្រើ​ការងារ​ដោយផ្ទាល់​នៅក្នុង​វិស័យ​ទេសចរណ៍​។​

​លោក ប៉ូល ឌុយ​ប្រ៊ូ​ល បាន​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​ជាង​៩​លាន​ដុល្លារ​អាមេរិក និង​ធ្វើ​សកម្មភាព​រៃអង្គាស​ផ្សេងៗ​ពី​មិត្តភក្តិ និង​សហការី​រួម​អាជីព​របស់លោក​បាន​ប្រមាណ​ជាង​៦​លាន​ដុល្លារ​អាមេរិក ដែល​សរុប​មានតម្លៃ​ជាង​១៥​លាន​ដុល្លារ​អាមេរិក ក្នុង​ការកសាង​នូវ​សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល​ទាំងមូល និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្សេងៗ​ទាំងអស់​របស់​សាលា ព្រមទាំង​ផ្គត់ផ្គង់​ទាំងស្រុង​នូវ​ដំណើរការ​បណ្តុះបណ្តាល​ដ​ល់​សិស្ស​ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងថា​៖ សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល ជា​សាលាដំបូង​គេ​បង្អស់ និង​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ាន ដែល​បាន​ចូលរួម​ផ្ដល់​ការបណ្ដុះបណ្ដាល​តាម​ស្តង់ដា​អាស៊ាន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ហើយ​សិស្ស​រាប់ពាន់នាក់​បានបញ្ចប់​ការសិក្សា​ជាមួយនឹង​សញ្ញាបត្រ​ដែល​ទទួលស្គាល់​ដោយ​អាស៊ាន ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (ASEAN – MRA TP)​។​

ឯកឧត្ដម ពេ​ជ សោភ័ន ក៏បាន​ឱ្យដឹង​ដែរ​ថា ថ្មីៗ​នេះ​សាលា​សណ្ឋាគារ​និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ ពី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុងការ​រៀបចំ​នូវ​ប្រព័ន្ធ​បណ្តុះបណ្តាល​តាម​អន​ឡាញ (Blended Learning) ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)​៕ដោយៈផាវី