កីឡា

Martinez នឹងមិនបន្តតួនាទីទៀតទេ ក្រោយបែលហ្ស៊ិក ធ្លាក់ពី World Cup

គ្រូបង្វឹករបស់​ក្រុម​ជម្រើស​ជាតិបែលហ្ស៊ិក លោក Roberto Martinez បាននិយាយថា គាត់នឹងចាកចេញពីការងាររបស់គាត់ បន្ទាប់ពីក្រុមរបស់គាត់ បានធ្លាក់​ចេញ​ពីព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា បន្ទាប់ពីប្រកួតស្មើ ០-០ ជាមួយក្រូអាស៊ី ក្នុង​ការ​ប្រកួត​ចុង​ក្រោយ កាលពីថ្ងៃព្រហស្បតិ៍។

គ្រូបង្វឹកវ័យ ៤៩ឆ្នាំរូបនេះ បានចូល​មក​កាន់តំណែង តាំងពីឆ្នាំ២០១៦ ហើយកិច្ចសន្យារបស់គាត់ នឹងផុតកំណត់ ក្រោយ​ចប់​កម្មវិធី​ប្រកួត​ប្រជែង​ដ៏​ធំ​របស់​ពិភពលោកនេះ។

លោក Martinez បាននិយាយនៅឯ​សន្និសីទសារព័ត៌មាន ក្រោយការប្រកួតថា៖ «នោះជាហ្គេម​ចុងក្រោយរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិ ខ្ញុំមិនអាចបន្តបានទៀត​ទេ។ វាជាពេលវេលា ដែល​ខ្ញុំត្រូវ​ទទួល​យក​ថា នេះគឺជាការដឹក​នាំ​ សម្រាប់​ការ​ប្រកួតចុងក្រោយ»។

លោក Martinez បានដឹកនាំក្រុម​បិសាច​បែលហ្ស៊ិកឱ្យទទួលបានចំណាត់ថ្នាក់លេខ ៣ កាល​ពី World Cup 2018 នៅប្រទេសរុស្ស៊ី និងឡើង​ដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍ Euro 2020 កាលពីឆ្នាំមុន។ ប៉ុន្តែ​ក្រុម​វ័យ​ចំណាស់​របស់​គាត់ ​មិន​អាច​កូពី​ទម្រង់​លេងបែប​​នោះ​ មក​បង្ហាញនៅ​​ប្រទេស​កាតា​បាន​ឡើយ ​ដោយ​ខ្ទាត​​ចេញ​ពី​កម្មវិធី​នេះ ​ជាមួយ​នឹង​ការ​ស៊ុត​បាន​តែ ១​គ្រាប់ប៉ុណ្ណោះ ​ក្នុងចំណោម ៣ហ្គេម។

អ្នក​ចាត់​ការ​សញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយថា គាត់តែងតែមានគម្រោងចាកចេញបន្ទាប់ពី World Cup នេះ។ គាត់​បាន​ប្រាប់​ថា៖ «នោះគឺ​ជា​ចុង​បញ្ចប់ មិន​ថា អ្វីនឹងកើតឡើងក៏ដោយ​ ពោល​គឺ​ទោះ​បី​ជា​យើងក្លាយ​ជា​ជើង​ឯក​ពិភពលោក ឬ​ក៏យើងបានធ្លាក់​ត្រឹម​វគ្គចែកពូលនេះ​ក្ដី​»។

«វាមិនមានអ្វីពាក់ព័ន្ធនឹងការធ្លាក់ក្នុងវគ្គចែកពូលនោះទេ។ ចាប់តាំងពីឆ្នាំ២០១៨ ខ្ញុំមានឱកាសជាច្រើន ក្នុងការចាកចេញ ដើម្បី​ទៅ​ចាប់យកការងារជា​អ្នក​ចាត់​ការក្លិប​ ប៉ុន្តែខ្ញុំចង់បង្ហាញភាព​ស្មោះត្រង់។ ខ្ញុំមិនមែន​លាលែងទេ វាគឺជាការបញ្ចប់នៃកិច្ចសន្យារបស់ខ្ញុំ»។ លោក Martinez បាន​បន្ថែម​។

ក្រុម​បែលហ្ស៊ិក បានធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​ការ​ប្រកួតចុងក្រោយ ក្នុងពូល F របស់ពួកគេនេះ ដោយ​ត្រូវការឈ្នះជា​ចាំបាច់ ដើម្បីបានឡើង​ទៅវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះក្រុមកាណាដា ១-០ និងចាញ់ក្រុមម៉ារ៉ុក ២-០។ ប៉ុន្តែពូល​នេះ ក្រុម​ម៉ារ៉ុក និង​ក្រូអាស៊ី បាន​ឆ្លង​ទៅវគ្គ​ចាញ់​ធ្លាក់ ក្នុង​នាម​ជាក្រុម​លេខ ១ និង​លេខ ២៕