អន្តរជាតិ

អ៊ុយក្រែន៖ រុស្ស៊ីកំពុងដកទ័ពជំនាញៗ ចេញពីត្រើយម្ខាងទន្លេក្រុងឃើសនហើយ

អ៊ុយក្រែនរាយការណ៍ថា រុស្ស៊ីកំពុងដកទ័ពជំនាញៗចេញពីត្រើយម្ខាងទន្លេនៃក្រុងឃើសន​ភាគខាងត្បូង​បណ្តើរៗហើយ ដោយទុកនៅតែទ័ពចល័តបម្រុងថ្មីប៉ុណ្ណោះ។

របាយការណ៍នេះ កើតឡើងក្នុងពេលដែលច្រាំងម្ខាងទៀតនៃទន្លេ Dnieper ​ក្រុងឃើសនពោរពេញ​ដោយ​ទាហានរុស្ស៊ីដែលទើបតែដកចេញនាពេលថ្មីៗនេះ និងបន្តបើកការបាញ់ផ្លោងបកវិញ​លើ​ហេដ្ឋារចនាសម្ព័ន្ធដែលអ៊ុយក្រែនរៀបចំស្តាឡើងវិញក្រោយរំដោះបាន។ កងកម្លាំងអ៊ុយក្រែន​នៅឃើសន បានជូនដំណឹងថា មិនទាន់ដឹងពីយុទ្ធសាស្រ្តថ្មីរបស់រុស្ស៊ីនោះទេ ខណៈជាបឋមតាមការ​ឃ្លាំមើល ទ័ពរុស្ស៊ីនៅឯច្រាំងម្ខាងនៃទន្លេ ព្រមទាំងឧបករណ៍យោធាផ្សេងទៀតក្នុងតំបន់ Oleshky ហាក់ដូចជាថយចុះនូវក្រុមជំនាញការ នៅសល់តែបណ្តាកងចល័តបម្រុងថ្មីប៉ុណ្ណោះ។

“កងទ័ពសត្រូវបានដកចេញពីការតាំងទីលំនៅជាក់លាក់នៃតំបន់ Kherson ហើយបានបែកខ្ចាត់ខ្ចាយ​នៅតាមច្រាំងព្រៃឈើតាមបណ្តោយផ្លូវ Oleshky – Hola Prystan” សំដៅទៅលើផ្លូវប្រវែង ៣៥គីឡូម៉ែត្រ​ឆ្លងកាត់ទីប្រជុំជនមាត់ទន្លេទល់មុខតំបន់កំពង់ផែKherson ។ ជុំវិញរបាយការណ៍នេះ សារព័ត៌មានរ៉យទ័រ​មិនអាចផ្ទៀងផ្ទាត់ភ្លាមៗនោះទេ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា