អន្តរជាតិ

អ៊ុយក្រែនបញ្ជាក់ផ្លូវការ៖ទាហាន១០០០០ទៅ១៣០០០នាក់ពលីក្នុងសង្រ្គាម

រដ្ឋាភិបាលអ៊ុយក្រែន បានបញ្ជាក់ជាផ្លូវការថា ចាប់តាំងពីសង្រ្គាមថ្ងៃដំបូងជាមួយរុស្ស៊ីមក ទាហានអ៊ុយក្រែនយ៉ាងហោចណាស់១០.០០០នាក់បានពលីជីវិត។

នេះដោយយោងតាមទីប្រឹក្សាប្រធានាធិបតីលោក Mykhailo Podolyak បានប្រាប់      បណ្តាញទូរទស្សន៍អ៊ុយក្រែន Kanal 24 កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២។ លោកទីប្រឹក្សាបានជម្រាបថា មកដល់ពេលនេះ យើងមានទិន្នន័យផ្លូវការហើយ ដែលបានមកពីបញ្ជាការកំពូល ក្នុងនោះកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបានបាត់បង់ទាហាន​ចន្លោះចាប់ពី១២៥០០ ទៅ ១៣០០០នាក់ នៅក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ី។ លោកបន្តថា “យើងបើកចំហចំពោះព័ត៌មាននៃទាហានដែលបានពលី ខណៈបើរបួសវិញគឺមានច្រើនជាងនេះ​ទៅទៀត”។

គួរដឹងថា របាយការណ៍នេះគឺជាដំណឹងផ្លូវការចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងកៀវ  ខណៈកាលពីខែ​សីហាកន្លងទៅ សេចក្តីរាយការណ៍ពីអ្នកស្លាប់មានត្រឹមតែ ៩០០០នាក់ប៉ុណ្ណោះ។

ដោយឡែកចំពោះរុស្ស៊ីវិញ ក្រសួងការពារជាតិមិនទាន់បានធ្វើបច្ចុប្បន្នចុងក្រោយដូចអ៊ុយក្រែននោះទេ។​​ បើតាមការប៉ាន់ស្មានវាយតម្លៃរបស់សហរដ្ឋអាម៉េរិក រុស្ស៊ីប្រហែលជាបាត់បង់ទាហាន​ខ្ទង់១០០.០០០នាក់ក្នុងសង្រ្គាម៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា