អន្តរជាតិ

រុស្ស៊ីគ្រោងវាយអ៊ុយក្រែនត្រឹម ១០ថ្ងៃបែក ឥឡូវឈានដល់ខែទី១០

អ្វីៗមិនបានដូចការគ្រោងទុកនោះទេ ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែនបានឈាន​ដល់ខែទី១០ហើយ ដោយឯកសារផែនការទីក្រុងមូស្គូគ្រោងវាយអ៊ុយក្រែនឲ្យបែក​កំណត់ត្រឹម១០ថ្ងៃ។

យោងតាមវិទ្យាស្ថានសិក្សាការពារជាតិ និងសន្តិសុខចក្រភពអង់គ្លេស ហៅកាត់ (RUSI) បានឲ្យដឹងពីឯកសារផែនការរបស់រុស្ស៊ីក្នុងអំឡុងដើមដំបូងនៃសង្រ្គាម ដែលបានកំណត់ថា​នឹងវាយយកអ៊ុយក្រែនឲ្យបានត្រឹមរយៈពេល១០ថ្ងៃប៉ុណ្ណោះ ហើយនឹងបន្តដាក់បញ្ចូល​ក្រោមការគ្រប់គ្រងជាផ្លូវការនៅខែសីហាឆ្នាំនេះ។ ឯកសារក៏បានបង្ហាញផងដែរថា រុស្ស៊ីពេលនោះបានគ្រោងថា នឹងចាប់យកស្ថានីយថាមពល អាកាសយានដ្ឋាន ការផ្គត់ផ្គង់ទឹក ធនាគារកណ្តាល និងសភារបស់ប្រទេសអ៊ុយក្រែន ខណៈសេវាកម្ម​ពិសេសរបស់រុស្ស៊ីត្រូវបានទទួលភារកិច្ចឲ្យសម្លាប់មេដឹកនាំអ៊ុយក្រែនផងដែរ។ រុស្ស៊ីរំពឹងថាមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនអាចនឹងនាំគ្នារត់គេចខ្លួន ឬត្រូវបានចាប់ខ្លួន ដោយសារតែល្បឿននៃការលុកលុយដំណើរការលឿន។ ការរំពឹងចុងក្រោយគេរបស់រុស្ស៊ី ក្រោយបានកាន់កាប់អ៊ុយក្រែនហើយ ពួកគេនឹងបញ្ជូនគ្រូបង្រៀនរបស់ពួកគេ​មកស្តារ​វិស័យអប់រំឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ ផែនការមិនបានដូចការគិតទុក ខណៈបច្ចុប្បន្នសង្រ្គាម​បានឈានមកដល់ខែទី១០ហើយ កងកម្លាំងរុស្ស៊ីនៅតែមិនអាចវាយបំបែកអ៊ុយក្រែនបាន ព្រមទាំងបានដកទ័ពចេញពីតំបន់ឈរជើងដែលខ្លួនបានធ្វើប្រជាមតិនោះទៀតផង៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា