សន្ដិសុខសង្គម

មិនទាន់ចាប់បានចោរឆក់ខ្សែកពីស្ត្រីជិះម៉ូតូដួលបោកក្បាលរបួសធ្ងន់

ភ្នំពេញ៖បន្ទាប់ពីមានចោរឆក់ខ្សែកពីស្ត្រីកំពុងជិះម៉ូតូឱ្យដួលបោកក្បាលរបួសធ្ងន់ សមត្ថកិច្ចបានចុះស្រាវជ្រាវភ្លាមៗ។រហូតមកដល់ពេលនេះមិនទាន់ចាប់បានក្រុមចោរនៅឡើយ។ករណីខាងលើបានកើតឡើងនៅក្បែរវត្តគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីល្ងាចថ្ងៃទី១ ខែធ្នូ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះសៅ សំណាង អាយុ ៣៥ឆ្នាំ នៅភូមិ សង្កាត់ខាងលើ។មុនកើតហេតុស្រ្តីម្នាក់ជិះម៉ូតូតាមផ្លូវបេតុងពីជើងទៅត្បូង ស្រាប់តែមានក្រុមជនសង្ស័យ៤នាក់ជិះម៉ូតូ​២គ្រឿងមកពីក្រោយធ្វើសកម្មភាពឆក់ខ្សែកបានសម្រេចបណ្ដាលឱ្យម៉ូតូដួលស្ត្រីនោះរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យនិងយកម៉ូតូទុកប្រគល់ឱ្យសាច់ញាតិជនរងគ្រោះវិញ និងបន្តស្វែងរកចាប់ក្រុមចោរទាំងនោះយកមកចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ