អន្តរជាតិ

បៃដិនថាសុខចិត្តជួបពូទីន លុះត្រាតែពូទីនចង់បញ្ចប់សង្រ្គាមអ៊ុយក្រែន

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកចូបៃដិន បានជម្រាបប្រាប់ថា លោកមានឆន្ទៈជួបលោកពូទីន​តែក្នុងករណីណាដែលពូទីនចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនប៉ុណ្ណោះ។

លោកបៃដិន បាននិយាយដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានបន្ទាប់ពីកិច្ចពិភាក្សា​ជាមួយប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃទី ១ខែធ្នូ។ លោកថា “ខ្ញុំ​បាន​ត្រៀម​ខ្លួន​និយាយ​ជាមួយ​លោក​ពូទីនរួចហើយ ប្រសិន​បើ​វាជាការពិតដែល​គាត់​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​សម្រេច​ចិត្ត​ចង់​ស្វែង​រក​វិធី​ដើម្បី​បញ្ចប់​សង្គ្រាម។ លោក​បន្តថា “ខ្ញុំនឹង​និយាយ​ជាមួយ​លោក Putin ក្នុងលក្ខណៈបែប​ពិគ្រោះ​យោបល់រួម​ជាមួយ​សម្ព័ន្ធមិត្ត​ណាតូ​ប៉ុណ្ណោះ”។ យ៉ាងណាក៏ដោយ នៅពេលសួរបន្ថែមទៀត ថាតើគម្រោងជំនួបនេះនឹងអាចធ្វើឡើងភ្លាមៗ ឆាប់ៗ ឬអត់ បៃដិនថា​មិនទាន់ដឹងច្បាស់ទេ ព្រោះគាត់ក៏មិនទាន់បានទាក់ទងដោយផ្ទាល់ទៅលោកពូទីនដែរ។

ចំពោះដំណឹងនេះ ទីក្រុងមូស្គូមិនបានឆ្លើយតបនោះទេ ខណៈអ្នកតាមដានព្រឹត្តិការណ៍បានវាយតម្លៃថា រុស្ស៊ីកំពុងគាំងគំនិតមិនដឹងត្រូវដើរផ្លូវណា ក្នុងពេលដែលស្ថានភាពនៅសមរភូមិមុខវាយ​អ៊ុយក្រែនមិនចូល៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា