កម្សាន្ដ

បុរសជនជាតិឥណ្ឌាបំបែកកំណត់ត្រាដុះរោមត្រចៀកវែងជាងគេក្នុងពិភពលោក

ប្រែសម្រួល៖តុលា

បុរសជនជាតិឥណ្ឌាម្នាក់បានបំបែកកំណត់ត្រាពិភពលោក ជាមនុស្សដែលមានដុះរោមត្រចៀកវែងជាងគេបំផុតប្រវែងជាង១៨សង់ទីម៉ែត្រ។

តាមការចុះផ្សាយដោយគេហទំព័រ Guinness World Records បានឲ្យដឹងលម្អិតថា បុរសនេះជាជនជាតិឥណ្ឌា ជាគ្រូបង្រៀនចូលនិវត្តន៍ឈ្មោះ Antony Victor ខណៈបានបំបែកឯតទគ្គកម្មពិភពលោក Guinness ក្នុងការដែលមានរោមត្រចៀកវែងបំផុត។

បើតាមប្រភពដដែល រោមរបស់លោកមានប្រវែង ១៨.១ សង់ទីម៉ែត្រគិតចាប់តាំងពីគល់ រហូតដល់ចុងដុះចេញមកក្រៅស្លឹកត្រចៀក។ គាត់ធ្លាប់ទទួលបានឯតទគ្គកម្មពិភពលោកសម្រាប់ការមានរោមត្រចៀកវែងជាងគេបំផុតនៅលើពិភពលោកបែបនេះ ចាប់តាំងពីឆ្នាំ ២០០៧មកម្ល៉េះ ដោយគ្មានដៃគូ ឬជនណាមានរោមចម្លែកដូចលោកនោះទេ។

កំណត់ត្រាបានសរសេរថា “កំណត់ត្រារោមត្រចៀកវែងបំផុតរបស់លោក Anthony ដែលមិនបាត់បង់”។ ជុំវិញព័ត៌មាននេះ អ្នកលេងបណ្តាញសង្គមអ៊ីនធើណេតទូទាំងពិភពលោក បានសំដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខ្លះបានបញ្ចេញមតិថា “ទោះខ្ញុំមិនដែលកោររោមលើខ្លួនរបស់ខ្ញុំ តែបើខ្ញុំមានរោមដុះចេញពីត្រចៀកដូចគាត់ ខ្ញុំនឹងមិនទុកវាទេ”។ អ្នកខ្លះទៀតបាននិយាយក្នុងន័យកំប្លែងថា  “កំណត់ត្រាបន្ទាប់ គឺដុះរោមច្រមុះវែងបំផុត”៕

ប្រភព៖ ALJAZEERA