សន្ដិសុខសង្គម

បញ្ជូនស្រ្តីជះអាស៊ីតនិងប្រើកាំបិតចាក់បុរសម្នាក់របួសធ្ងន់ទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលតាមចាប់បានស្រ្តីម្នាក់ រួចបញ្ជូនទៅតុលាការករណីជះទឹកអាស៊ីតនិងប្រើ​កាំបិតចាក់បុរសម្នាក់ឱ្យរងរបួសធ្ងន់កាលពីចុងខែវិច្ឆិកាកន្លងទៅហើយរត់គេចខ្លួន។

សមត្ថកិច្ចជំនាញបានឱ្យដឹងនៅថ្ងៃទី២ ខែធ្នូនេះថា ករណីខាងលើបង្កឡើងដោយស្ត្រីសង្ស័យឈ្មោះ ញ៉ ហន អាយុ៣៧ឆ្នាំ បានជះទឹកអាស៊ីតនិងយកកាំបិតចុងស្រួចចាក់ទៅលើបុរសរងគ្រោះឈ្មោះស៊ន សុខកេន អាយុ៣៣ឆ្នាំ បណ្តាលឱ្យរងរបួសពេញខ្លួននៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយស្ត្រីរូបនោះបានរត់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយ នគរបាលរាជធានីភ្នំពេញនិងនគរបាលខេត្តរតនគិរីចុះស្រាវជ្រាវបន្ទាន់។រហូតដល់រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងជំនាញបានឃាត់ខ្លួនស្ត្រីសង្ស័យឈ្មោះ ញ៉ ហន នៅភូមិស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្រោយចាប់បាន កម្លាំងនាយកដ្ឋានបានប្រគល់ជនសង្ស័យទៅអធិការដ្ឋាននគរបាល​ខណ្ឌព្រែកព្នៅ​ដែលជាម្ចាស់ករណីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ