សន្ដិសុខសង្គម

នាំជនសង្ស័យគាស់ផ្ទះយកគ្រឿងអលង្ការនិងលុយទៅតុលាការ

តាកែវ៖នគរបាលជំនាញស្រុកត្រាំកក់ កាលពីថ្ងៃទី១ ខែធ្នូ បានបញ្ជូនជនសង្ស័យម្នាក់ករណីគាស់ផ្ទះ​គេលួចយកគ្រឿងអលង្ការនិងលុយអស់ជាច្រើនទៅតុលាការ។

លោកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា នៅ ភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ​ មានជនសង្ស័យបានលួចគាស់ផ្ទះឈ្មោះហេង សុភ័ក្រ អាយុ៣៧ឆ្នាំ នៅភូមិឃុំខាងលើ។បន្ទាប់ពីគាស់ផ្ទះ ជនសង្ស័យបានយកទ្រព្យសម្បតិ្តដូចជាខ្សែកពេជ្រ​១ខ្សែតម្លៃ១.៥០០-ខ្សែកមាស១តម្លឹង-ខ្សែដៃពេជ្រ១ខ្សែតម្លៃ៤.០០០ដុល្លារ-ចិញ្ចៀនពេជ្រតម្លៃ៥.០០០ដុល្លារ-ខ្សែកខ្សែដៃផ្លាកទីន១តម្លឹង-ប្រាក់រៀល៣០លានរៀល-ប្រាក់ដុល្លារ៣.០០០ដុល្លារ រួចគេចខ្លួនបាត់។

ក្រោយកើតហេតុ កម្លាំងបានស្រាវជ្រាវនិងឆែកកាមេរ៉ាសុវត្ថិភាពកំណត់បានមុខសញ្ញា​ជនសង្ស័យម្នាក់ឈ្មោះឡុង តុលា អាយុ ៣០ឆ្នាំ​ នៅភូមិត្រាវអែម ឃុំពពេល ហើយនាំខ្លួនទៅសាកសួរ។ពិនិត្យតាមកាមេរ៉ាសុវត្ថិភាពសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡុង តុលា បានប្រព្រឹត្តបទល្មើសលួចគាស់ផ្ទះឈ្មោះហេង សុភ័ក្រ្ត យកសម្ភារមានតម្លៃពិតមែន៕ដោយ៖វិចិត្រ