សន្ដិសុខសង្គម

តុលាការឱ្យជំនាញស្រាវជ្រាវឡើងវិញ ករណីជនបរទេសស្លាប់ក្នុងស្រុកសង្កែ

បាត់ដំបង៖តុលាការបានឱ្យជំនាញចុះពិនិត្យនិងស្រាវជ្រាវឡើងវិញករណីសំណុំរឿងជនជាតិអង់គ្លេសម្នាក់ស្លាប់ក្នុងខេត្តបាត់ដំបងកន្លងមកនេះ។

អ្នកស្លាប់ឈ្មោះ Stock Jonathan អាយុ ៣៤ឆ្នាំ ជនជាតិអង់គ្លេសជាគ្រូបង្រៀន បានរៀបការ ជិត១០ឆ្នាំមកហើយជាមួយស្ត្រីខ្មែរឈ្មោះវ៉ាន់ កញ្ចនា អាយុ៣៩ឆ្នាំ ហើយបានស្លាប់នៅថ្ងៃទី៣០ ខែវិច្ឆិកា នៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក កែវ សុជាតិ ព្រះរាជអាជ្ញាខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី២ ខែធ្នូនេះថា សំណុំរឿងជនជាតិ​អង់គ្លេសម្នាក់ស្លាប់ក្នុងបន្ទប់ផ្ទះជួលស្រុកសង្កែនោះ លោកបានឱ្យជំនាញពាក់ព័ន្ធស្រាវជ្រាវឡើងវិញ ព្រោះជនបរទេសស្លាប់មិនអាចគ្រាន់តែធ្វើល្មមៗបានទេ ម៉្យាងទៀតគឺដើម្បីមានភាពរឹងមាំផ្នែកច្បាប់​ថែមទៀត។

ប្រជាពលរដ្ឋមានមតិថា សំណុំរឿងខាងលើមានភាពខុសពីប្រក្រតីខ្លះៗ ដូចជាបុរសនោះ​យកថង់ខ្មៅ​ពាក់ស្រោបក្បាលរួចចងថង់ជិតដើម្បីឱ្យថប់ដង្ហើមស្លាប់ ជាប្រការមិនសមហេតុផលសោះឡើយ ព្រោះមនុស្សកាលបើថប់ដង្ហើមហើយចាំបាច់ត្រូវតែរើបម្រះរកសុវត្ថិភាព បើទោះបីជាជននោះ​មានបំណងធ្វើអត្តឃាតខ្លួនឯងក៏ដោយ៕ដោយ៖ព្រះអង្គខ្មៅ