អន្តរជាតិ

ចិនអនុម័តបទប្បញ្ញត្តិស្តីពីការការពារដើមតែដែលមានអាយុរាប់សតវត្សរ៍

យោងតាមបណ្តាញសារព័ត៌មានចិនស៊ីនហួរ បទប្បញ្ញត្តិថ្មីដែលនឹងចូលជាធរមានរបស់រដ្ឋបាលខេត្តយូណានភាគនិរតីប្រទេស នឹងចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣តទៅ ដោយហាមប្រាមនូវអំពើចំនួនប្រាំមួយប្រការ ដែលបង្កគ្រោះថ្នាក់ដល់រុក្ខជាតិតែបុរាណ (Jing Mai Shan)អាយុរាប់រយឆ្នាំ និងបរិយាកាសលូតលាស់របស់វា។

ប្រការហាមឃាត់រួមមានការកាប់ និងស្ទូងដើមតែបុរាណដោយគ្មានការអនុញ្ញាត ការឆ្លាក់ ឬខ្ទាស់មែកឈើ ការជីកឬស និងការបកដើមតែបុរាណ។ ការហាមឃាត់ផ្សេងទៀតក៏រួមមាន ដូចជាការប្រើប្រាស់ថ្នាំសម្លាប់ស្មៅគីមី ការបង្ហូរឧស្ម័ន និងទឹក ក៏ដូចជាការចោលសំរាម និងចោលសំណល់បរិវេណដើមផងដែរ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិនេះក៏គាំទ្រការស្រាវជ្រាវ និងការប្រើប្រាស់ធនធានដើមតែឲ្យបានត្រឹមត្រូវ ការបង្កាត់ពូជដើមតែថ្មីដែលមានគុណភាពល្អ ក៏ដូចជាការបង្កើតខ្សែចង្វាក់ឧស្សាហកម្មពាក់ព័ន្ធផងដែរ៕

ប្រភព៖ XINHUA.NET