សន្ដិសុខសង្គម

ចាប់ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីប្លន់ម៉ូតូនៅស្រុកឈូក

តាកែវ៖កម្លាំងនគរបាលស្រុកត្រាំកក់ នៅថ្ងៃទី២ ខែធ្នូនេះ បានស្រាវជ្រាវចាប់ជន​សង្ស័យ​២នាក់ករណីប្លន់នៅម្តុំមាត់ស្ទឹង ផ្លូវជាតិលេខ៣ ភូមិដំណាក់ទ្រព្យ ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី២ ខែធ្នូ លោកវរសេនីយ៍ឯកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានដឹកនាំកម្លាំងជំនាញសហការជាមួយនគរបាលខេត្តកំពតបានស្រាវជ្រាវចាប់ជនសង្ស័យចំនួន២នាក់ដែលបានធ្វើសកម្មភាពប្លន់ម៉ូតូនៅស្រុកឈូកខេត្តកំពត។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យឈ្មោះ គូ ប៊ុនធឿន អាយុ២២ឆ្នាំ នៅភូមិអូរផុត ស្រុកត្រាំកក់ ខេត្តតាកែវ និងឈ្មោះ ផុន មូល អាយុ១៧ឆ្នាំ នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ខេត្តតាកែវ។ជនសង្ស័យត្រូវចាប់ខ្លួននៅម្តុំភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់។

បន្ទាប់ពីចាប់ខ្លួន កម្លាំងនគរបាលស្រុកត្រាំកក់បានប្រគល់ជនសង្ស័យទៅកម្លាំងជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្តកំពតវិញដើម្បីចាត់ការបន្ត៕ដោយ៖វិចិត្រ