សេដ្ឋកិច្ច

គូ​វែ​ត ចង់​វិនិយោគ​វិស័យ​ផ្គត់ផ្គង់​ថាមពល ការសាងសង់​ផ្លូវ​ល្បឿន​លឿន និង​ហិរញ្ញវត្ថុ​

ភ្នំពេញ​៖ ដោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​គូ​វ៉ែត សម្រេច​បានតែ​ប្រមាណ ៦៤ ម៉ឺន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែតុលា​ឆ្នាំ​២០២២​នោះ ប្រទេស​គូ​វែ​ត​បានបង្ហាញ​ឆន្ទៈ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ជាមួយ​កម្ពុជា ជាពិសេស​វិស័យ​ពាក់ព័ន្ធ​ការ ផ្គត់ផ្គង់​ថាមពល​(​ប្រេង​ឥន្ទ​នៈ​) ការសាងសង់​ផ្លូវ​ល្បឿន​លឿន​និង​វិស័យ​ហិរញ្ញវត្ថុ​(soft loans)​។​

​ការបង្ហាញ​ពី​គោលបំណង​នេះ ខណៈពេល​លោក Mohamad Alhajri ឯកអគ្គរាជទូត​តែងតាំង​ថ្មី​នៃ​រដ្ឋ​កូ​វ៉ែត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជួបពិភាក្សា​ការងារ​ជាមួយ​លោក កឹម ស៊ីថន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០២២​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​លោក​ឯកអគ្គរាជទូត​ក៏បាន​ស្នើឱ្យ​ប្រទេស​ទាំងពីរ​បន្ត​អនុវត្ត និង​ប្រើប្រាស់​ក្របខណ្ឌ​គតិយុត្ត​នានា​ឱ្យ​អស់ពី​លទ្ធភាព រួមមាន​៖ កិច្ចព្រម ព្រៀង​និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែលមាន​ស្រាប់ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​គ្រប់​វិស័យ ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម ទៀត​។ ជាមួយគ្នានេះ លោក​បាន​ស្នើឱ្យ​ពិនិត្យ​លទ្ធភាព​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម និង​វេទិកា​ធុរកិច្ច​រួមគ្នា ដែល​អាចជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​និង​វិនិយោគ​ទ្វេភាគី​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​ជាការ​ឆ្លើយតប លោក​រដ្ឋលេខាធិការ​ប្រចាំការ​ក៏បាន​បន្ត​ជម្រាបជូន​ពី​ច្បាប់ គោលនយោបាយ​សំខាន់ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ថ្មីៗ​ដែល​បម្រើ​ដល់​សកម្មភាព​ធុ​រ​កិ​ច្និ​ង​វិនិយោគ​នៅ​កម្ពុជា រួមមាន​៖ ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​និង​អាស៊ាន តំបន់​សេដ្ឋកិច្ច​ពិសេស​និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សំខាន់ៗ​រួមមាន​ព្រលានយន្តហោះ និង​កំពង់ផែ​ទឹក​ជ្រៅ​។ ក្នុងន័យនេះ លោក​បាន​លើកទឹកចិត្ត​វិនិយោគិន​គូ​វ៉ែត​ឱ្យ​ចាប់យក​ឱកាស​សេដ្ឋកិច្ច​នៅ​កម្ពុជា តាមរយៈ​ការបង្កើត​ផលិតកម្ម ការចូលរួម​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​តំបន់ ជាពិសេស​បានស្នើ​ជំរុញ​ការនាំ​ចូល​នូវ​ផលិតផល​កម្ពុជា​ដែលមាន​គុណភាព​និង​ភាព​ប្រកួតប្រជែង រួមមាន ផលិតផល​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​៕ដោយៈសិរីមតី