សេដ្ឋកិច្ច

កិច្ចប្រជុំ​វេទិកា​អភិបាលក្រុង​អាស៊ាន និង​កិច្ចប្រជុំ​អភិបាល​រាជធានី​- រដ្ឋធានី​អាស៊ាន ឆ្នាំ​២០២២ ប្រកាស​បើក​ជា​ផ្លូវការ

ភ្នំពេញ​៖ កិច្ចប្រជុំ​វេទិកា​អភិបាលក្រុង​អាស៊ាន និង​កិច្ចប្រជុំ​អភិបាល​រាជធានី​- រដ្ឋធានី​អាស៊ាន ឆ្នាំ​២០២២ បានប្រកាស​បើក​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ​២០២២ នេះ ដោយមាន​តំណាង​ទីក្រុង និង​ខេត្ត ចូលរួម​ប្រមាណ ៨០ ទីក្រុង ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​អាស៊ាន មាន​ជាង ៣០ ទីក្រុង​ធំៗ ចូលរួម ។​

​ប្រធានបទ នៃ​វេទិកា និង​កិច្ចប្រជុំ​ទាំងពីរ ត្រូវបាន​ជ្រើសរើស​ឡើង​ស្របតាម មូលបទ ប្រចាំឆ្នាំ​របស់​អាស៊ាន ដែល​ព្រះរាជាណាចក្រ​កម្ពុជា ជា​ម្ចាស់ផ្ទះ «​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​» (ASEAN A.C.T. Addressing Challenges Together) និង​ស្របទៅតាម​បរិបទ​ការងារ របស់​ទីក្រុង ដែល​ក្នុងនោះ​វេទិកា​អភិបាលក្រុង​អាស៊ាន (ASEAN Mayors Forum)៖ ធ្វើឡើង​ក្រោម​ប្រធានបទ «​ការពង្រឹង​កិច្ចសហការ​អាស៊ាន តាមរយៈ ការជំរុញ​ការកសាង​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព ប្រកបដោយ​បរិវត្ត​កម្ម និង​បរិ​យា​ប័ន្ន តាម​គន្លង​ប្រក្រតីភាព​ថ្មី​» ។​

​សូមបញ្ជាក់ថា វេទិកា AMF និង​កិច្ចប្រជុំ MGMAC នេះ មាន​សារសំខាន់ ក្នុងការ​អនុញ្ញាត​ឲ្យ​បណ្ដា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទាំង​នៅ​ថ្នាក់​រាជធានី ឬ​រដ្ឋធានី ខេត្ត ក៏ដូចជា​ក្រុង ស្រុក របស់​ប្រទេស​ជា​សមាជិក​អាស៊ាន អាច​ជួបប្រជុំគ្នា​ជជែក​លើ បញ្ហា​ប្រឈម ក៏ដូចជា ចែករំលែក​បទពិសោធ​ន៍​ល្អៗ​ដែល​ខ្លួន​មាន ដែលជា​ដំណោះស្រាយ​អាច​យក​អនុវត្តបាន ជាពិសេស​ក្នុង​កាលៈទេសៈ នៃ​ការស្តារ​ឡើងវិញ​របស់​ទីក្រុង​នីមួយៗ នៅក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​៕ដោយ៖ផាវី