កីឡា

កក្រើកប្រទេសជប៉ុន ក្រោយក្រុមសាម៉ូរៃ ឆ្លងទៅវគ្គ ១៦ក្រុម នៅ World Cup

នៅពេល​ដែលសំឡេងកញ្ចែចុងក្រោយ បានបន្លឺឡើង ដែល​បញ្ជាក់​ថា ក្រុម​ជម្រើស​ជាតិ​ជប៉ុនមាន​ជ័យ​ជម្នះ​ដ៏​មិន​គួរ​ឱ្យ​ជឿ​លើក្រុម​ខ្លាំងអេស្ប៉ាញ អ្នកគាំទ្រដែល​ពេញ​ដោយ​ភាព​រំជើបរំជួល បាននាំ​គ្នា​ទៅ​កកកុញ​នៅ​ទីលាន Shibuya Scramble ក្នុងទីក្រុងតូក្យូ ដើម្បីអបអរ​នូវ​ជោគ​ជ័យ ដែលមាន​មនុស្សតិច​ណាស់ ហ៊ានស្រមៃដល់​។

«ជយោ ប្រទេស​ជប៉ុន! ជយោ ប្រទេស​ជប៉ុន!»។ នេះ​ជាការ​ស្រែក​អបអរ​របស់​ក្រុម​អ្នក​គាំទ្រ បន្ទាប់ពីការ​មាន​ជ័យជម្នះ ២-១ របស់​ក្រុម​សាម៉ូរៃ សម្រាប់​​ការ​ប្រកួត​ចុង​ក្រោយ ក្នុង​វគ្គ​សន្សំពិន្ទុ​តាមពូល នៅ​ឯព្រឹត្តិការណ៍ World Cup 2022 នាប្រទេសកាតា ដោយជាមួយ​គ្នានោះពួកគេក៏​បាន​​ស្រែកច្រៀងចម្រៀងបាល់ទាត់ដ៏ពេញនិយម «Vamos Nippon» (ប្រឹង​ឡើង​ ស៊ូ​ឡើង) និងគ្រវីទង់ជាតិរបស់ប្រទេស។

ដោយមាន​សម្លៀក​បំពាក់ពណ៌ខៀវរបស់ក្រុមពួកគេ ខ្លះពាក់​មួក​ការពារភាពត្រជាក់ នាពេលព្រឹក ក្រុម​អ្នក​សម្ដែង​ក្ដី​រីក​រាយ​ទាំង​នោះ បានដើរ​ច្រឡូក​ច្រឡំ​គ្នាជាមួយអ្នកធ្វើដំណើរ ក្នុងឈុតសម្លៀកបំពាក់ទៅធ្វើការ។

ប៉ុន្តែ​បរិយាកាស​ជប់លៀង​អបអរ​នោះ មាន​លក្ខណៈ​ពិសេស​ប្លែក​ ដោយ​អ្នក​គាំទ្រ​បាន​លោត​ចុះលោត​ឡើង ហើយរត់​យ៉ាង​​ប្រញាប់ប្រញាល់​ចូល​ទៅ​ក្នុង​ផ្លូវ​បែក​ជា៤ ខណៈ​ប៉ូលិស​បាន​ព្យាយាម​ហ៊ុំ​ព័ទ្ធ​ក្រុម​មនុស្សទាំង​នោះ ​ដោយ​ខ្សែព្រមាន​ការ​ប្រុងប្រយ័ត្ន​ពណ៌​លឿង។

«ខ្ញុំគិតថា ការប្រកួតនេះនឹងមានភាពតឹងតែង​បន្តិច»។ នេះ​ជា​សម្ដី​របស់អ្នក​គាំទ្រ​មា្នក់ ឈ្មោះ​លោក Munehiro Hashimoto វ័យ ៣៦ឆ្នាំ ដែលមាន​សម្លៀក​បំពាក់​ប្រចាំ​ក្រុម​ជម្រើសជាតិ​ជប៉ុន​។

ការប្រារព្ធពិធីអបអរ​នេះ មិន​មាន​ការ​កំណត់​ផ្លូវនោះទេ ដោយនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានបង្ហោះសារ «រីករាយ» របស់គាត់ ចំពោះលទ្ធផលនេះ និងការសរសើរចំពោះគ្រូបង្វឹកលោក Hajime Moriyasu និងក្រុមរបស់គាត់។

លោក​ Kishida បានសរសេរថា៖ «គ្រូបង្វឹក Moriyasu និងកីឡាករទាំង​អស់ សម្រេចបាននូវ​លទ្ធផលដ៏អស្ចារ្យ ក្នុងការប្រកួត​ដ៏ធំ និងសំខាន់បំផុត នៅ​គ្រប់ពេល ដែលស្ថិត​ក្រោមសម្ពាធយ៉ាងធំធេង។ ខ្ញុំ​សូម​សម្តែង​ការ​គោរព​ដោយ​ស្មោះស្ម័គ្រ ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែងប្រកប​ដោយ​​ស្មារតី​របស់​ក្រុម»។

​មុន​នោះ លោក​នាយក​រដ្ឋមន្ត្រី ក៏បានទូរស័ព្ទទៅលោក Moriyasu ដែលកំពុង​ស្ថិតនៅក្រោមសម្ពាធ បន្ទាប់ពីការចាញ់ ១-០ យ៉ាងសោកស្ដាយរបស់ក្រុមជប៉ុន ក្រោម​ស្នាដៃ​របស់​ក្រុមកូស្តារីកា ដោយ​លោក​ Kishida ប្រាប់អ្នក​ចាត់ការ​របស់ក្រុមថា៖ «ប្រជាជនជប៉ុន ទាំងអស់ កំពុងមានអារម្មណ៍រំភើប។ អ្នកបានផ្តល់ឱ្យយើងនូវភាពក្លាហាន និងថាមពលយ៉ាង​ធំធេង»។

កាសែតជប៉ុនបានបោះពុម្ពការការ​ផ្សាយ​ជា​ពិសេស នាពេលព្រឹក ដែលទាក់ទាញក្រុម​អ្នកធ្វើ​ដំណើរ​ទៅធ្វើ​ការ ដោយកាសែត Yomiuri Shimbun សរសេរចំណងជើងទំព័រមុខ​ថា៖ «ជប៉ុនឡើង​ទៅវគ្គ ១៦ក្រុមចុងក្រោយ អេស្ប៉ាញរង​បរាជ័យ»។

ក្រុម​ចជប៉ុន​បាន​ឆ្លង​ទៅ​វគ្គ​បន្ត ក្នុង​នាម​ជា​ក្រុម​លេខ ១ ក្នុង​ពូល E ដោយ​មាន ៦ពិន្ទុ ខណៈ​ក្រុម​អេស្ប៉ាញ ក៏​បាន​ឡើង​ដែរ ក្នុង​នាម​ជាក្រុម​លេខ ២ ទោះបី​ជា​​មាន​ ៤ពិន្ទុ​ស្មើ​ជាមួយក្រុម​​អាល្លឺម៉ង់ក៏ដោយ ដោយសារ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង៕