សេដ្ឋកិច្ច

អ្នកជំនាញ​៖ ទំនាក់ទំនង និង ការលក់ ជាការ​កំណត់​ជោគវាសនា​នៃ​អាជីវកម្ម​

​ភ្នំពេញ​៖ ហូ​ម ឌូ​ខេ​សិន (Home-Ducation)​ ដែលជា​សហគ្រាស​បណ្តុះបណ្តាល​ផ្នែក​អាជីវកម្ម កាលពី​ថ្ងៃទី​៣០ ​ខែវិច្ឆិកា ឆ្នាំ​២០២២​បានរៀបចំ​សិក្ខាសាលា​មួយ​ស្តីពី​«​តិច​និ​ចនៃ​ការតភ្ជាប់​ទំនាក់ទំនង​ដើម្បី​ជំរុញ​អាជីវកម្ម​» នៅ​រាជបណ្ឌិត្យសភា ដោយមាន​ការចូលរួម​ពី​ម្ចាស់​អាជីវកម្ម​ជាង​១០០​នាក់​មកពី​រាជធានី​ភ្នំពេញនិង​បណ្តា​ខេត្ត​។​

​សិក្ខាសាលា​នេះ មាន​គោលបំណង​ចែករម្លែក​ចំណេះដឹង បទពិសោធន៍ អំពី​តិច​និក​និងយុទ្ធសាស្ត្រ​នៃ​ការលក់ ការបង្កើត​ទំនាក់ទំនង​ដើម្បី​ពង្រីក​វិសាលភាព​អាជីវកម្ម​និង​ស្វែងរក​ដោះស្រាយ​បញ្ហា​អាជីវកម្ម​ផ្ទាល់ខ្លួន​ជាមួយ​អ្នកជំនាញ​។​

​វាគ្មិន​ល្បីឈ្មោះ និង​ មានបទពិសោធន៍​ច្រើន​ឆ្នាំដែល​អញ្ជើញ​ចូលរួម​ចែករម្លែក​ចំណេះដឹង​នៅក្នុង​សិក្ខាសាលា​នេះរួមមាន ៖ លោក         អ៊ុំ សា​រ៉ាវុធ ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​U.S.R.V Group Co.,Ltd លោក លន់ បុរី ស្ថាបនិក E-School Cambodia និង​លោក សាន ឬ​ទ្ធី ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Acclime Cambodia​។​

លោក កឹម អឿន ស្ថាបនិក Home Ducation បាន​មានប្រសាសន៍ថា​៖​សិក្ខាសាលា​ស្ដីពី​តិច​និ​ចនៃ​ការតភ្ជាប់​ទំនាក់ទំនង​ដើម្បី​ជំរុញ​អាជីវកម្ម​នេះ​ជា​វេទិកា​ដើម្បី​ជួបគ្នា​រៀនសូត្រ​ពីគ្នា ទៅវិញទៅមក ស្ដាប់​ការប្រឹក្សា​យោបល់​ពី​គ្រូឧទ្ទេស​និង​បង្កើត​ទំនាក់ទំនង​គ្នា​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​រឹង​ជាង​មុន​និង​កាន់តែ​រីកចម្រើន​។​វាគ្មិន​មាន​មាន​គន្លឹះ​ល្អៗ​ជួយ​អាជីវកម្ម​ឱ្យ​ដើរ​ទៅមុខ​។​លោក​រំពឹងថា​សិក្ខាកាម​នឹង​អាច​ពង្រីក​អាជីវកម្ម​ឲ្យ​រឹងមាំ​និង​គ្រប់គ្រង​បានល្អ​។​

​លោក​បាន​បន្ថែមថា​៖ Home Ducation មាន​ទស្សនៈវិស័យ​ចង់ឱ្យ​សហគ្រិន​ក្លាយ​ពី​«​អាជីវក​ម្ជា​ម្ចាស់​ទៅជា​ម្ចាស់​អាជីវកម្ម​»​។​មាន​ន័យ​ថា​ដើម្បី​ប្រែក្លាយ​ទៅជា​ម្ចាស់​ជីវ​កម្ម​មាន​សមត្ថភាព​គ្រប់គ្រង​អាជីវកម្ម​បានល្អ​ហើយ​ចក្ខុវិស័យ​របស់​ហូ​ម​ឌូ​ខេ​សិន​៖​រស់​ពីលើ​លុយ​រស់​ពី​លើ​ចិត្ត​និង​ចង់​ឲ្យ​មនុស្ស​ពូកែ​បី​គឺ​រស់នៅ​ជាមួយ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស ការលក់​និង​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​បានល្អ​។​

លោក​បាន​បន្តថា​៖​អត្ថប្រយោជន៍​បី​សំខាន់ៗ​ដែល​សិក្ខាកាម​នឹង​ទទួលបាន​ទីមួយ​៖​យល់ដឹង​អំពី​តិច​និក​នៃ​ការលក់​។​ទី​ពីរ​៖​បង្កើត​ទំនាក់​ទំនង​ដើម្បី​ពង្រីក​វិសាលភាព​អាជីវកម្ម​និង​ទី​៣៖​អាច​ដោះស្រាយ​បញ្ហា​អាជីវកម្ម​ផ្ទាល់ខ្លួន​ជាមួយ​អ្នកជំនាញ​។​

​លោក អ៊ុំ សា​រ៉ាវុធ ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​U.S.R.V Group Co.,Ltd បាន​មានប្រសាសន៍ថា​៖​«ការធ្វើទំនាក់ទំនង​ត្រូវតែ​ហ៊ាន​ ព្រោះ​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការលក់​រក​ចំណូល​ឲ្យ​ក្រុមហ៊ុន​។​អាជីវកម្ម​មួយ ការលក់​សំខាន់​ណាស់​បើ​លក់​មិនបាន​មានន័យ​ថា​​អាជីវ​កម្ម​នឹង​ស្លាប់»​។​

លោក​ក៏បាន​ចែករំលែក​ពីបទ​ពិសោធន៍​ជាក់ស្ដែង​ក្នុងការ​ដោះស្រាយ​បញ្ហា​និង​ការគ្រប់គ្រង​គ្រុមហ៊ុន​និង​គន្លឹះ​នៃ​ការថែរក្សា​ឱ្យ​ក្រុមហ៊ុន​ដំណើរការ​ទៅមុខ​និង​ទទួលបាន​ភាព​រីកចម្រើន ព្រមទាំង​បង្ហាញ​ពី​តិច​និក និង​យុទ្ធសាស្ត្រ​លើ​ជំនាញ​ផ្នែក​ទំនាក់ទំនង និង​ទីផ្សារ​ជូនទៅ​ម្ចាស់​អាជីវកម្ម​។​

​ចំណែក​លោក​សាស្ត្រាចារ្យ លន់ បុរី សហ​ស្ថាបនិក​E- School Cambodia ដែល​បាន​អញ្ជើញ​មក​ចែករំលែក​ពី​យុទ្ធសាស្ត្រ​នៃ​ការលក់​និង​ការ​ជំ​រុ​ការងារ​ផ្នែក​លក់​ឲ្យ​ទ​ទួ​បាន​លទ្ធផល​ល្អ​នោះ បាន​មានប្រសាសន៍ថា​៖​អាជីវកម្ម​មួយ​រីកចម្រើន​ទៅបាន​អាស្រ័យ​លើ​ទីផ្សារ​និង​ផ្នែក​លក់​ដែលជា​ចំណែក​មួយ​ដ៏​សំខាន់​។​ក្នុងនាម​ជាទី​ផ្សារ​និង​អ្នកលក់​គឺ​ត្រូវ​ច្បាស់​ទាំង​កត្តា​ខាងក្នុង​និង​កត្តា​ខាងក្រៅ​។​លោក​បាន​ឲ្យ​និយមន័យ «​ការលក់​»​គឺ​ស្មើនឹង​«​លេខ​» ដែល​មានន័យថា​ត្រូវមាន​ភាពច្បាស់លាស់​។​

​លោក​វេជ្ជបណ្ឌិត យិន រដ្ឋា សហ​ស្ថាបនិក​នៃ​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​អេ​ម៉ា​នៅ​តំបន់​ស្វាយជ្រុំ ដែលជា​សិក្ខាកាម​មួយរូប បានឱ្យ​ដឹង​ថា ក្រោយពី​ស្តាប់​វាគ្មិន​ចែករម្លែក លោក​ទទួលបាន​ថា​៖​តិច​និ​ចនៃ​ការភ្ជាប់​ទំនាក់ទំនង​ដើម្បី​ជំរុញ​ការលក់​មាន​សារៈសំខាន់​ណាស់​។​អាជីវកម្ម​មួយ​បើ​មិនមាន​ផ្នែក​លក់ គឺ​ស្មើនឹង​អាជីវកម្ម​អត់​ដំណើរការ​។​​ដើម្បី​ឲ្យ​អាជីវកម្ម​ទៅមុខ​និង​រក្សា​និរន្តរភាព​បាន​យូរ ទាមទារ​ឲ្យ​ក្រុម​លក់​ខ្លាំង​។​

​លោក​បាន​បន្តថា​៖«​នៅថ្ងៃនេះ​ខ្ញុំ​បានទទួល​ចំណេះដឹង​ជាច្រើន​ពី​វាគ្មិន​ទាក់ទង​ទៅនឹង​ផ្នែក​លក់​និង​ការភ្ជាប់​ទំនាក់ទំនង​ក្នុង​ការធ្វើ​អាជីវកម្ម​។​អ្វីដែល​ខ្ញុំ​ទទួលបាន​នៅថ្ងៃនេះ​សឹងតែ​ហួស​ពីអ្វី​ដែល​ខ្ញុំ​រំពឹងទុក​ពីមុនមក​។​ខ្ញុំ​នឹង​យក​បទពិសោធន៍​ចំណេះដឹង​ទាំងអស់​ទៅ​អនុវត្ត​នៅក្នុង​គ្លីនិក​និង​ចែករំលែក​ដល់​ក្រុមការងារ​របស់ខ្ញុំ​ដើម្បី​ឲ្យ​ស្ថាប័ន​របស់ខ្ញុំ​មាន​ភាពរឹងមាំ​និង​រីកចម្រើន​»​។​

កញ្ញា​ឈឹម ស្រី​ល័​ក្ខ អគ្គលេខាធិការ​សហគម​ន៍​អាជីវកម្ម​ហូ​ម​ឌូ​ខេ​សិន​ហៅ​កាត់​ថា HBC(HOME-DUCATION BUSINESS​ COMMUNITY)​បានឱ្យដឹងថា​៖​អេ​ច​ប៊ី​ស៊ី​មាន​ចក្ខុវិស័យ​ចង់​ជួយ​ម្ចាស់​ជីវ​កម្ម​ទាំងអស់​អាច​រស់​ពីលើ​អាជីវកម្ម​និង​ដើម្បី​ឲ្យ​គាត់​ក្លាយជា​ម្ចាស់​អាជីវកម្ម​ពិតប្រាកដ​។​ទី​២៖ មិន​ចង់​ឲ្យ​មានការ​ដណ្ដើម​ផលប្រយោជន៍​គ្នា តែ​ចង់​កៀគរ​ម្ចាស់​ជីវ​កម្ម​ទាំងអស់​ដើម្បី​ចែក​ផល​ប្រយោជន៍​គ្នា​។​អ្នកចូលរួម​ជាមួយ HBC ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​ការធ្វើ​បណ្តាញ Networking និង​ទទួលយក​ដំណោះស្រាយ​ដ៏​ជាក់លាក់​ពី​គ្រូ​ដែលមាន​ចំណេះ ជំនាញ​និង​បទពិសោធន៍​។​

កញ្ញា បាន​បន្តថា​៖​ការចូល​ជា​សមាជិក​HBC​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​៖
1. ទទួលបាន​ព័ត៌មាន​សេដ្ឋកិច្ច​ទាំង​ក្នុងប្រទេស តំបន់ និង​ក្រៅប្រទេស (Local, Regional and International Business News)
2. មានឱកាស​ចូលរួម​ក្នុង​វេទិកា​អភិវឌ្ឍ​អាជីវកម្ម​ជាច្រើន (Business Forum)
3. ឱកាស​នៃ​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​ម្ចាស់​អាជីវកម្ម​ផ្សេងទៀត (Business Networking)
4. ចូលរួម​វគ្គ​បណ្តុះបណ្តាល​ល្អៗ​មួយចំនួន​របស់​ហូ​ម​-​ឌូ​ខេ​សិន​ដោយ​ឥតគិតថ្លៃ (Business Training)
5. មានឱកាស​ធ្វើ​ទស្សនៈកិច្ច​សិក្សា​នៅក្រៅ​ប្រទេស (Oversea Study Tours)

ដោយៈសិរីមតី