កីឡា

អាហ្សង់ទីន និង​អូស្ត្រាលី ឡើង​វគ្គ ១៦​ក្រុម នៅ World Cup

ក្រុម​អាហ្សង់ទីនរបស់កីឡាករឆ្នើម Lionel Messi បានកក់កៅអី​របស់​ខ្លួន ក្នុងវគ្គ ១៦​ក្រុមចុងក្រោយ នៅ​ព្រឹត្តិការណ៍ World Cup កាលពីថ្ងៃពុធ ជាមួយនឹងជ័យជម្នះ ២-០ លើក្រុមប៉ូឡូញ ខណៈដែល​ក្រុម​អូស្ត្រាលី បានឆ្លង​ទៅ​វគ្គ​ចាញ់​ធ្លាក់​ជាលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

អាហ្សង់ទីន ដែល​ជា​អតីតក្រុម​ម្ចាស់ជើងឯកពិភពលោក ២សម័យកាល បានធ្វើ​ដំណើរ​ទៅ​វគ្គបន្ត ដោយ​សារ​គ្រាប់បាល់ ដែល​ស៊ុតបញ្ចូលទីដោយ​កីឡាករ Alexis Mac Allister និង Julian Alvarez បានដណ្ដើម​ជ័យ​ជម្នះ​លើ​ក្រុម​ប៉ូឡូញ សម្រាប់​ការ​ប្រកួតចុង​ក្រោយ ក្នុងពូល C ខណៈដែលក្រុមជម្រើសជាតិអូស្ត្រាលី បានផ្ដល់​ការ​ខក​ចិត្ត​ដល់​ក្រុម​ដាណឺម៉ាក បន្ទាប់​ពី​​ទម្លាក់​ក្រុម​របស់​អឺរ៉ុប​ពី​ព្រឹត្តិការណ៍​នេះ ដោយ​ការ​យក​ឈ្នះ ១-០ ក្នុងហ្គេម នៅ​ពូល D។

ក្រុម​អាហ្សង់ទីន ដែលបានរងបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមស្នាដៃរបស់​ក្រុមអារ៉ាប៊ីសាអ៊ូឌីតក្នុងការប្រកួតបើកឆាករបស់ពួកគេ បានធានាថា ពួកគេដណ្ដើម​បាន​សិទ្ធិ​សម្រាប់ជុំទី២ ក្នុងនាមជាក្រុម​លេខ ១ ក្នុងការប្រកួតមួយ ដែលឃើញ​ថា ប្រធានក្រុម Messi បាន​ស៊ុតប៉េណាល់អត់​បាន​សម្រេច​ជាលើក​ទី​៣១ នៃអាជីពរបស់ខ្លួន។

ក្រោយ​ចប់​ការ​ប្រកួត កីឡការ​ Messi បាន​និយាយ​ថា​៖ «​យើងធ្វើ​ដំណើរ​​ចេញ​មក​​ ​ដោយ​គិត​ថា យើង​ត្រូវ​តែ​ឈ្នះ។ ​ខ្ញុំមាន​អារម្មណ៍​​ខឹងសម្បា​នឹង​ការ​ទាត់​បាល់​ពិន័យ ១១ម៉ែត្រនោះ មិន​ចូល ប៉ុន្តែ​ក្រុម​កាន់​តែមាន​​ភាព​ខ្លាំងជាង​មុន ​បន្ទាប់​ពី​កំហុស​របស់​ខ្ញុំនោះ​។ យើង​បាន​ដឹង​ច្បាស់​ថា ​ពេល​ដែល​គ្រាប់​បាល់​ទី​១ កើតឡើងនោះ វា​នឹង​ផ្លាស់​ប្តូរ​ហ្គេម​ជាមិន​ខាន»។

ថ្វីបើប្រកួត​ចាញ់ក្រុម​អាហ្សង់ទីនក៏ដោយ ក៏ក្រុម​ប៉ូឡូញបាន​ឡើង​ទៅជុំ​បន្ទាប់​ដែរ ក្នុង​នាម​ជាក្រុម​លេខ ២ ​ទោះបី​ជា​​មាន ៤​ពិន្ទុស្មើ​ជាមួយ​​ក្រុមម៉ិកស៊ិក ដែលយក​ឈ្នះក្រុម​អារ៉ាប៊ីសាអ៊ូឌីត ២-១ ដោយសារ​មាន​គ្រាប់​បាញ់​ចំណេញ។

សម្រាប់​ក្រុម​កង់ហ្គារូអូស្ត្រាលី​ នេះ​ជាលើក​ដំបូង​ហើយ ដែល​បាន​ឆ្លង​ផុត​ពី​​វគ្គ​ក្នុង​ពូល​ គិត​ចាប់​តាំង​ពី​ World Cup ឆ្នាំ២០០៦ ដោយ​សារ​​គ្រាប់​បាល់​យ៉ាង​ស្អាតអស្ចារ្យ​របស់កីឡាករ Mathew Leckie នៅ​នាទី​ទី៦០។ ក្នុង​ D នេះ ក្រុម​មាន់​គកបារាំង ​ដែល​ស្ទើរ​តែ ១០០ភាគរយ បានធានា​ចំណាត់​ប្រធានពូល​រួចហើយ​នោះ ​បាន​រង​បរាជ័យ ១-០ ក្រោមដៃរបស់​ក្រុម​ទុយនីស៊ី សម្រាប់​ហ្គេម​ចុង​ក្រោយនៃ​វគ្គ​សន្សំពិន្ទុ​តាម​ពូល​នេះ​។

ក្នុង​វគ្គ ១៦ក្រុម ក្រុម​អាហ្សង់ទីន ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​ក្រុម​អូស្ត្រាលី ខណៈ​​ក្រុម​ជើកឯក​ចាស់​បារាំង ត្រូវ​តទល់​នឹង​ក្រុម​ប៉ូឡូញ៕