អន្តរជាតិ

អាល្លឺម៉ង់ថារុស្ស៊ីជិតចាញ់សង្រ្គាមហើយ ខណៈរុស្ស៊ីកំពុងគិតចង់ប្រើអាវុធទំនើបចុងក្រោយ

អាល្លឺម៉ង់និយាយថា រុស្ស៊ីនឹងមិនអាចប្រយុទ្ធឈ្នះអ៊ុយក្រែនលើសមរភូមិបានទេ ខណៈក្រសួងការពារជាតិរុស្ស៊ីកំពុងគិតគូរចង់ប្រើប្រាស់អាវុធជាក់លាក់ទំនើបចុងក្រោយ។

យោងតាមសំដីរបស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងនៅក្នុងសន្និសីទសន្តិសុខ ទីក្រុងប៊ែរឡាំងនៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា រុស្ស៊ីពេលនេះមើលឃើញកាន់តែច្បាស់ហើយ ទៅលែងចង់រួចជាមួយអ៊ុយក្រែនហើយ កងទ័ពរុស្ស៊ីវាយបុកមិនចូលអ៊ុយក្រែននោះទេ បានត្រឹមបាញ់ផ្លោងទៅមកប៉ុណ្ណោះ រហូតដល់ដំណាក់កាលដែលអាវុធរបស់ពួកគេ មានកម្រិត។ លោក Scholz បានបន្ថែមថា រុស្ស៊ីបានត្រឹមតែគំរាមរឿងប្រើនុយក្លេអ៊ែរ ប៉ុណ្ណោះ ការពិតរុស្ស៊ីគ្មានភាពក្លាហាននឹងប្រើវាឡើយ។

សុន្ទរកថានេះកើតឡើងបន្ទាប់ពីមានរបាយការណ៍ថា សមរភូមិនៅភាគខាងកើតប្រទេស អ៊ុយក្រែនកំពុងផ្ទុះឡើងខ្លាំង ពិសេសត្រង់ផ្លូវហាយវេ P66 ក្នុងចំណោមទីតាំងចំនួន៦នៃ ខេត្តដូណេត។ កងកម្លាំងរុស្ស៊ីសម្រុកវាយរុលខ្លាំងណាស់ តែនៅតែមិនអាចទម្លុះ ខ្សែការពារអ៊ុយក្រែនបាន។

ទោះបីជាមានប្រភពជាច្រើននាពេលចុងក្រោយនេះបានលើកឡើងថា រុស្ស៊ីជិតចាញ់ សង្រ្គាម ឬរុស្ស៊ីខើចអាវុធយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ីមិនបានយកចិត្ត ទុកដាក់ ឆ្លើយតបនោះទេ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu កាលពីថ្ងៃពុធ បានកោះប្រជុំមន្រ្តីជាន់ខ្ពស់ពិភាក្សាគ្នាគិតចង់ប្រើអាវុធទំនើបចុងក្រោយប្រព័ន្ធរ៉ុក្កែត​រយៈចម្ងាយឆ្ងាយដូចជា Tornado-S និងប្រព័ន្ធកាំភ្លើងធំ “Malka” ដែលមានថាមពល ខ្ពស់ក្នុងសមរភូមិដើម្បីអាចទទួលបានជោគជ័យឆាប់ ខណៈបច្ចុប្បន្នកងកម្លាំង រុស្ស៊ីទំនងជាពិបាកនឹងវាយអ៊ុយក្រែន៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា