អន្តរជាតិ

អង់គ្លេសដាក់ទណ្ឌកម្មជុំថ្មីទី ២២ លើមន្រ្តីជាន់ខ្ពស់រុស្ស៊ី​

ចក្រភពអង់គ្លេស ប្រកាសដាក់ទណ្ឌកម្មជុំថ្មីនៃកញ្ចប់ទណ្ឌកម្មទី២២ ទៅលើមន្រ្តីជាន់ខ្ពស់រុស្ស៊ី ក្រោយអូសបន្លាយប្រតិបត្តិការឈ្លានពាននៅអ៊ុយក្រែន។

កញ្ចប់ទណ្ឌកម្មថ្មីនេះ នឹងកំណត់គោលដៅវាយប្រហារទៅលើឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Denis Manturov ដែលទីក្រុងឡុងដ៍ហៅថា ជាអ្នកទទួលខុសត្រូវក្នុងការត្រួតពិនិត្យឧស្សាហកម្ម​អាវុធរបស់ប្រទេសរុស្ស៊ី និងគ្រប់គ្រងនូវកងទ័ពទើបចល័តថ្មី។ ឧបនាយករដ្ឋមន្រ្តីរូបនេះ​ក៏បានគ្របដណ្តប់អភិបាលក្រុង និងប្រធានតំបន់ចំនួន ១០ កន្លែងផងដែរ រួមទាំងតំបន់ Dagestan, Ingushetia និង Kalmykia។

ទណ្ឌកម្មនេះគឺជាមួយក្នុងចំណោមកញ្ចប់ទណ្ឌកម្មទាំង២២ ដែលអង់គ្លេសបានដាក់ទៅរដ្ឋាភិបាលរុស្ស៊ី ដើម្បីឲ្យចេះមានការភ្ញាក់រលឹក ស្គាល់ពីទុក្ខលំបាក ពោលគឺដកចេញនូវប្រតិបត្តិការលុកលុយប្រទេស​អ៊ុយក្រែន។ ចាប់តាំងពីថ្ងៃដំបូងសង្រ្គាមមក ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្ម កំណត់បុគ្គលរុស្ស៊ីជាង ១២០០នាក់, អង្គភាពជាង ១២០ស្ថាប័ន និងបង្កកទ្រព្យសម្បត្តិរបស់ធនាគាររុស្ស៊ីចំនួន ១៩ ជាមួយនឹង​ទ្រព្យសម្បត្តិសកលចំនួន ៩៤០ ពាន់លានផោន ស្មើនឹងជាង ១.១៣៥ពាន់លានដុល្លារអាម៉េរិក៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា