សេដ្ឋកិច្ច

លោក ថោង ខុន​៖ កម្ពុជា​រំពឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ពី​២៥ ទៅ​៥០​ម៉ឺន​នាក់ នៅ SEA Games ឆ្នាំ​២០២៣

ភ្នំពេញ​៖​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​១ ឆ្នាំ​២០២២ ​នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាបាន​ថ្លែង ថា កម្ពុជា​រំពឹង​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ពី​២៥ ទៅ​៥០​ម៉ឺន​នាក់ នៅក្នុង​ព្រឹត្តិការណ៍​ SEA Games-ASEAN Para Games ឆ្នាំ​២០២៣​។​

​លោក ថោង ខុន បាន​លើកឡើងថា​ព្រឹត្តិការណ៍​កីឡា​ជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​សំខាន់​ ​ក្នុង​ឧស្សាហកម្ម​ទេសចរ​ណ៍ស​ម័​យ​ទំនើប​ ​ដែល​ក្នុងនោះ​អង្គការ​ទេសចរណ៍ ពិភពលោក​ ​បាន​បញ្ជាក់ថា ទេសចរ​កីឡា​អន្តរជាតិ​នៅលើ​ពិភពលោក​ ​មាន​ចំនួន​ប្រមាណ​ ១២​លាន​នាក់ ទៅ​ ១៥​លាន​នាក់​ ​ក្នុង​មួយឆ្នាំ​ស្មើនឹង​ ១០% ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​ពិភពលោក​ ​និង​រកចំណូលបាន​ប្រមាណ​ ៨០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​ ​យ៉ាងណាមិញ​ការប្រកួត​កីឡាបាល់ទាត់​ FIFA World Cup នៅ​ទីក្រុង Doha ប្រទេស​កាតាបច្ចុប្បន្ននេះគេ​រំពឹងថា​នឹង​មាន​​ភ្ញៀវទេសចរ​ប្រមាណ​ ១​លាន​ ៥​សែន​នាក់​ ​កំពុងធ្វើដំណើរ​ ​និង​ត្រៀម​ធ្វើដំណើរ​ទៅ​ទស្សនា​កីឡាបាល់ទាត់​ពិភពលោក​នេះ​។​

«​រីឯ​អំឡុងពេល​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ SEA Games-ASEAN Para Games ឆ្នាំ​២០២៣ ក៏​កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​​ប្រមាណ​ពី​ ២៥​ម៉ឺន​នាក់​ ​ទៅ​ ៥០​ម៉ឺន​នាក់​ ​ផងដែរ​»​។ នេះ​បើតាម រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៕ដោយៈផាវី