សេដ្ឋកិច្ច

រោងចក្រ​ដំឡើងរថយន្ដ Toyota នឹងមាន​វត្ត​មាននៅកម្ពុជា ឆាប់ៗនេះ

ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​សាជាថ្មី​ថា នាពេល​ឆាប់ៗ​ខាងមុខនេះ រោងចក្រ​ដំឡើងរថយន្ដ Toyota នឹង​លេច​រូបរាង​នៅក្នុង​ប្រទេស​កម្ពុជា។

​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​១១​ឆ្នាំ នៃប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​មី​នេ​បៀ នៅ​ព្រឹក​ថ្ងៃទី​០១ ខែធ្នូ​នេះ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ថា​៖​នាពេល​កន្លងមកសម្ដេច​បាន​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishidaហើយ​សម្តេច​បានលើកឡើង​អំពី​គម្រោង​​បង្កើត​រោងចក្រ​ដំឡើងរថយន្ត Toyota នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា មិន​គ្រាន់តែ​ពង្រីក​និង​រក្សា​ក្រុមហ៊ុន​ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស​នោះទេ តែ​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ទាក់ទាញ​ក្រុមហ៊ុន​មួយចំនួន​ផ្សេងទៀត​។​

គួររម្លឹកថា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ ២០២២ បានអនុម័ត​យល់ព្រម​ឱ្យ​ក្រុមហ៊ុន Toyota Tsusho Manufacturing បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​ម៉ាក Toyota នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូ​យា​ល់​គ្រុប​ភ្នំពេញ ដែលមាន​ទុន​ជាង​៣៦​លាន​ដុល្លារ ព្រមទាំង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១០០​កន្លែង​៕​ដោយៈសិរីមតី