សន្ដិសុខសង្គម

រថយន្ត២គ្រឿងបុកនិងកិនមនុស្សម្នាក់បណ្តាលឱ្យស្លាប់

កណ្តាល៖រថយន្តមិនស្គាល់អត្តសញ្ញាណ២គ្រឿងបានបុកនិងកិនបុរសម្នាក់បណ្តាលឱ្យស្លាប់យ៉ាងអាណោមអាធ័មពេលកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។គ្រោះថ្នាក់នេះនៅត្រង់ចន្លោះគីឡូម៉ែត្រ២៣-២៤ ក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ រ៉ូ វិច្ឆ័យ អាយុ២៥ឆ្នាំ នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកប៊ីត ផ្លាកលេខកណ្តាល1AD.9755 ក្នុងល្បឿនលឿន ពីភ្នំពេញទៅអ្នកលឿង។ពេលនោះមានរថយន្តធុនធំបើកស្របគ្នាបានបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឱ្យដួលខ្ទាតមនុស្សទៅចំណែកផ្លូវម្ខាងហើយត្រូវរថយន្តមួយគ្រឿងទៀតមកពីមុខកិនស្លាប់តែម្តង។

ដោយយប់ងងឹតមើលមិនស្គាល់រថយន្តទាំង២គ្រឿងនោះជាម៉ាកអ្វីនោះទេ ដោយពួកគេបានបន្ថែម ល្បឿន រត់គេចបាត់អស់។សមត្ថកិច្ចជំនាញបន្តស្រាវជ្រាវរករថយន្តបង្កក្នុងករណីនេះ មកទទួលខុសត្រូវចំពោះមុខច្បាប់៕ដោយ៖វិចិត្រ