សន្ដិសុខសង្គម

ម៉ូតូសណ្ដោងរ៉ឺម៉កបុកជាមួយម៉ូតូបណ្តាលឱ្យប្ដីស្លាប់ ប្រពន្ធបាក់ជើង

បាត់ដំបង៖គ្រោះថ្នាក់ចរាចរដ៏រន្ធត់រវាងម៉ូតូសណ្ដោងរ៉ឺម៉កបានបុកជាមួយម៉ូតូជិះឌុបគ្នា បណ្តាលឱ្យប្ដីស្លាប់និងប្រពន្ធបាក់ជើងម្ខាងរងរបួសធ្ងន់។ហេតុការណ៍នោះបាន​កើតឡើងនៅភូមិបឹងរាំង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី៣០ វិច្ឆិកា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ភាគីខាងម៉ូតូដែលស្លាប់ឈ្មោះហឺ គឹមហ៊ឺ អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះ ម៉ាឌី ឈៀត អាយុ៣៧ឆ្នាំ របួសធ្ងន់បាក់ជើងឆ្វេងនៅភូមិ ឃុំខាងលើ។ចំណែកខាងម៉ូតូរ៉ឺម៉ក ឈ្មោះ ប៊ុត ចាន់ថន អាយុ៥៨ឆ្នាំ រងរបួស។

មន្ត្រីដដែលបានបន្តថា តាមការពិនិត្យ អ្នកជិះម៉ូតូសណ្ដោងរ៉ឺម៉កស្ថិតក្នុងស្ថានភាព​រេពេញផ្លូវ ទៅខាងឆ្វេងដៃរបស់ខ្លួន ហើយជ្រុលទៅបុកអ្នកជិះម៉ូតូប្ដីប្រពន្ធ​ពេញទំហឹងបណ្តាលឱ្យប្ដីស្លាប់ រីឯប្រពន្ធរបួសបាក់ជើងតែម្តង។ក្រោយកើតហេតុសមត្ថកិច្ចបាននាំអ្នករងរបួសទៅមន្ទីរពេទ្យនិងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ