ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​កំពូល​ថ្មី​របស់​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ជា​ព្រះសង្ឃ​មាន​សក្ខី​ប​ត្រ​បណ្ឌិត​រដ្ឋ ពី​សកល​វិទ្យាល័យ Harvard នៃ​សហរដ្ឋ​អាម៉េរិក​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១​ខែធ្នូ ឆ្នាំ​២០២២ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ដែលជា​គ្រឹះស្ថាន​ពុទ្ធិក​ឧ​ត្ត​មសិ​ក្សា ដ៏​មាន​វ័យ​ចំណាស់ និងមាន​កិត្តិនាម​ជាងគេ​បំផុត​នៅ​កម្ពុជាបាន​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​កំពូល​របស់ខ្លួន​ហើយ​។​ថ្នាក់ដឹកនាំ​ថ្មី​នេះគឺជា​ព្រះសង្ឃ ដែលមាន​កម្រិត​​វប្បធម៌​ខ្ពស់បំផុត​នៅ​កម្ពុជា គឺ​ព្រះអង្គ ទទួលបាន​សក្ខី​ប​ត្រ​បណ្ឌិត​រដ្ឋ ពី​សកល​វិទ្យាល័យ Harvard នៃ​សហរដ្ឋ​អាម៉េរិក​។​

​ភារកិច្ច​ក្នុងការ​ដឹកនាំ និង គ្រប់គ្រង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ត្រូវបាន​ផ្ទេរ​ប្រគេន​ទៅ​ភិក្ខុ​ព្រះ​មុនី​កោសល​បណ្ឌិត យ៉​ន សេង​យៀ​ត នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២ នេះ ហើយ​ព្រះមហា​សមណៈ អង្គ​នេះ គឺជា​ព្រះ​សកលវិទ្យា​ធិ​ការរង នៃ​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ នេះ តាំងពី​ឆ្នាំ​២០០៦ មកម្ល៉េះ ។​

ក្នុងឱកាស​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​របស់​ពុទ្ធិក​សកល​វិទ្យាល័យ​ព្រះសីហនុ​រាជ​នេះ ឯកឧត្តម​បណ្ឌិត សេង សុ​មុនី អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង សាសនា បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ បុគ្គលិក ក៏ដូចជា​សាស្ត្រាចារ្យ​ទាំងអស់ នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះ​សីហនុ​រាជ ឱ្យ​បន្ត​ប្រពៃណី​ដ៏​ល្អ​ផូរផង់ របស់​ពុទ្ធិក​ឧ​ត្ត​មសិ​ក្សា​ដ៏​មាន​វ័យ​ចំណាស់ និង មាន​កិត្តិនាម​ជាងគេ​នៅ​កម្ពុជា នេះ តទៅ​ទៀត គឺ​សាមគ្គី​គ្នា​ឱ្យ​បានល្អ ដើម្បី បន្ត​ជំរុញ​ឱ្យ​សកល​វិទ្យាល័យ​មួយ​នេះ កាន់​តែមាន​កិត្តិនាម​ថែមទៀត ។​

​គួរ​ជម្រាបជូន​ថា កន្លងមក​ភារកិច្ច​ជា​អ្នកដឹកនាំ និង គ្រប់គ្រង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ នេះ គឺ​សម្តេច​ព្រះមហា​អរិយវង្ស​បណ្ឌិត ឃី សុវណ្ណ​រតនា ។ ប៉ុន្តែ​មួយរយៈ​មកនេះ សម្តេច​បណ្ឌិត ឃី សុវណ្ណ​រតនា មាន​បញ្ហា​ព្រះ​សុខភាព ហើយ​ក្រៅពីនោះ​ទៅ សម្តេច​ក៏មាន​ភារកិច្ច​ផ្សេងទៀត ដែល​ត្រូវ​រ៉ាប់រង​ផងដែរ ។​

​ចំពោះ​កម្រិត​អប់រំ​របស់​ព្រះ​មុនី​កោសល​បណ្ឌិត យ៉​ន សេង​យៀ​ត ដែល​នឹងត្រូវ​ដឹកនាំ និង​គ្រប់គ្រង​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ​តទៅ​នេះ​គឺ​ព្រះអង្គ​មាន​សញ្ញាបត្រ​បណ្ឌិត​មក​ពី​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ល្បីៗ​មួយចំនួន ជាពិសេស​សកល​វិទ្យាល័យ​នៅ​សហរដ្ឋ​អាម៉េរិក ហើយ​កាលពីដើមឆ្នាំ​២០២២ នេះ ព្រះមហា​សមណៈ យ៉​ន សេង​យៀ​ត​ទទួលបាន​សក្ខី​ប​ត្រ​បណ្ឌិត​រដ្ឋ ពី​សកល​វិទ្យាល័យ Harvard នៃ សហរដ្ឋ​អាម៉េរិក ដែល​សក្ខី​ប​ត្រ​បណ្ឌិត​រដ្ឋ នោះ គឺជា​កម្រិត​អប់រំ​ខ្ពស់បំផុត​នៅលើ​ពិភពលោក ពោលគឺ​ខ្ពស់ជាង​ថ្នាក់បណ្ឌិត និង Ph.D ទៅទៀត ហើយ​សម្រាប់​នៅ​ប្រទេស​កម្ពុជា គិត​រហូតមក​ដល់ពេលនេះ ប្រហែលជា​មានតែ​ព្រះ​ភិក្ខុ យ៉​ន សេង​យៀ​ត នេះ មួយអង្គ​គត់​ដែល​បាន​សិក្សា​ដល់​កម្រិត​សក្ខី​ប​ត្រ​បណ្ឌិត​រដ្ឋ​នោះ ៕​ដោយៈ​ផា​វី​