ព័ត៌មានជាតិ

ឈ្វេងយល់ពីសត្វខ្ទីងដែលជាប្រភេទសត្វធំជាងគេបំផុតក្នុងអម្បូរសត្វក្រុមគោសាទិសនៅទូទាំងពិភពលោក

ភ្នំពេញ៖ តើលោកអ្នកដឹងទេថាសត្វខ្ទីង គឺជាថនិកសត្វនៃពពួកគោសាទិស ស៊ីស្មៅ និងរុក្ខជាតិជាអាហារ ដែលមានមាឌធំជាងគេនៅក្នុងចំណោមពពួកគោសាទិស​នៅលើពិភពលោក។ ដោយសារតែខ្ទីងមានមាឌធំ ដូច្នេះវាពុំសូវមានសត្រូវច្រើនទេ។

សត្វខ្ទីងអាចមានកម្ពស់២ម៉ែត្រ ហើយមានវត្តមាននៅក្នុងតំបន់អាស៊ីខាងត្បូង និងនៅក្នុងប្រទេសកម្ពុជាយើង វាមាននៅក្នុងតំបន់ព្រៃទេសភាពដូចជាខេត្ត​មណ្ខលគិរីផងដែរ។ សត្វខ្ទីងជាសត្វដែលចូលចិត្តរស់នៅផ្តុំគ្នាជាហ្វូងប្រមាណជា៤០ក្បាល ហើយមានសត្វខ្ទីងមួយក្បាលជាអ្នកដឹកនាំក្រុម។ នៅរដូវបន្តពូជ គេសង្កេតឃើញសត្វខ្ទីងឈ្មោលបានបន្លឺសំឡេយ៉ាងរំពងក្នុងព្រៃដែលអ្នកអាចស្តាប់ឮពីចម្ងាយប្រមាណ១គីឡូម៉ែត្រកន្លះ។

បើតាមក្រសួងបរិស្ថានបានឱ្យដឹងថា សត្វខ្ទីងមានវត្តមាននៅតាមតំបន់ដែលមានព្រៃ​ក្នុងតំបន់អាស៊ីភាគខាងត្បូងនិងភាគអាគ្នេយ៍។ ចំនួនសត្វខ្ទីងនៅលើពិភពលោក​បានថយចុះ ៩០ភាគរយចាប់ពីពាក់កណ្តាលសតវត្សរ៍ទី២០មក។ វាត្រូវបានកត់ត្រា​នៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើ​ពិភពលោក។ កត្តាគំរាមកំហែងដល់វត្តមានរបស់ខ្ទីង រួមមាន ការបាត់បង់ទីជម្រក ការប្រមាញ់យកស្នែង សាច់ និងផ្នែកផ្សេងៗទៀត ព្រមទាំងជំងឺឆ្លងពីសត្វស្រុកផងដែរ។

នៅក្នុងប្រទេសកម្ពុជា គេប្រទះឃើញខ្ទីងមានវត្តមានភាគច្រើននៅតំបន់ការពារ​ទេសភាពខ្ពង់រាបភាគខាងកើតព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ បច្ចុប្បន្ន ពុំមានតួលេខប៉ាន់ស្មានផ្លូវការអំពីចំនួនសត្វខ្ទីងនៅក្នុងប្រទេសកម្ពុជាទេ។ វាត្រូវការវាលស្មៅទំហំធំសម្រាប់ស៊ីជាចំណី (ខ្ទីងមួយហ្វូងអាចត្រូវការវាលស្មៅធំ​ជាង១៥០គីឡូម៉ែត្រក្រឡា) ក៏ប៉ុន្តែ ទីជម្រកធម្មជាតិជាច្រើនរបស់វាកំពុងតែរង​ការបាត់បង់បន្តិចម្តងៗជារៀងរាល់ឆ្នាំ៕

ដោយ៖ឧត្តម