សន្ដិសុខសង្គម

ចាប់បុរសម្នាក់ខឹងប្រពន្ធដុតផ្ទះឆេះខ្ទេច និងកាប់ប្អូនថ្លៃឱ្យរបួសធ្ងន់

រតនគិរី៖សមត្ថកិច្ចចាប់បុរសម្នាក់ខឹងប្រពន្ធបានដុតបំផ្លាញផ្ទះខ្លួនឯងឱ្យឆេះខ្ទេច រួមទាំងទ្រព្យសម្បត្តិនិងប្រើកាំបិតផ្គាក់កាប់ប្អូនថ្លៃឱ្យរបួសធ្ងន់ធ្ងរខណៈចូលជួយពន្លត់ភ្លើង។ករណីនោះនៅភូមិប៉ាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនបង្កឈ្មោះ ម៉ៅសុធា អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ រម៉ាស់ សែន ជនជាតិចារ៉ាយ នៅភូមិឃុំខាងលើ។ជនរងគ្រោះប្អូនថ្លៃឈ្មោះ រម៉ាស់ ន្វាន អាយុ៣១ឆ្នាំ ជនជាតិចារ៉ាយ ។

មុនកើតហេតុ ជនសង្ស័យមានទំនាស់ក្នុងគ្រួសារ ហើយបានយកសាំងដុតផ្ទះរបស់ខ្លួនឯង។ ពេលនោះប្អូនថ្លៃឃើញមានផ្សែងហុយចេញពីផ្ទះបងរបស់ខ្លួនក៏បានចូលទៅឃាត់កុំឱ្យដុតផ្ទះ។ស្រាប់តែជនបង្កបានស្រោចសាំង ហើយយកភ្លើងដុតបណ្តាលឱ្យឆេះតែម្តង។

បន្ទាប់មកជនបង្កបានទាញកាំបិតផ្គាក់កាប់ចំលើក្បាលប្អូនថ្លៃបណ្តាលឱ្យរងរបួសធ្ងន់។អ្នកជិតខាងនាំគ្នាចាប់ជនបង្កវ៉ៃទ្រមខ្លួន ហើយប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលសេសាន។កម្លាំងប៉ុស្តិ៍សេសានបានរៀបចំសំណុំរឿងបញ្ជូនតាមនីតិវិធី៕ដោយ៖វិចិត្រ