សេដ្ឋកិច្ច

កម្ពុជា​ឈ្នះក្តី​លើ​បណ្តឹងតវ៉ា ចំពោះ​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប ដែល​ដកហូត​ការអនុគ្រោះ​ពន្ធ សម្រាប់​ការនាំ​ចូល​អង្ករ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​

​ភ្នំពេញ​៖ កម្ពុជា​បានឈ្នះ​ក្តី​លើ​បណ្តឹងតវ៉ា ចំពោះ​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប ដែល​បាន​ដកហូត​ការអនុគ្រោះ​ពន្ធ សម្រាប់​ការនាំ​ចូល​អង្ករ​គ្រាប់​វែង (Indica Rice) ​ពី​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២​នេះ​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២២ ព្រះរាជាណាចក្រ​កម្ពុជា បាន​ឈ្នះក្តី​ក្នុង​សំណុំរឿង​លេខ​T-269/19 ដែល​គណៈកម្មការ​អឺរ៉ុប បានដាក់​វិធានការ​រឹតត្បិត​ការអនុគ្រោះ​ពន្ធ សម្រាប់​ការនាំ​ចូល​អង្ករ​ពី​កម្ពុជា ទៅកាន់​សហភាព​អឺរ៉ុប តាម​បទ​ប្បញ្ញត្តិ​អនុវត្ត​លេខ​2019/76 ចុះ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ (“​បទ​ប្បញ្ញត្តិ​អនុវត្ត​”)​។​

​សំណុំ​រឿងនេះ ត្រូវបាន​ប្តឹង​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ ទៅកាន់​តុលាការ​នៃ​សហភាព​អឺរ៉ុប ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក សុខ ពុទ្ធិ​វុ​ធ ជាមួយនឹង​មេធាវី​អន្តរជាតិ ក្នុង​គោលបំណង​រក​យុត្តិធម៌ សម្រាប់​ការនាំចេញ​អង្ករ​កម្ពុជា ទៅកាន់​សហ ភាព​អឺរ៉ុប ជាពិសេស​អង្ករ​គ្រាប់​វែង​ដែល​គណៈកម្មការ​អឺរ៉ុប​បានដាក់​ពន្ធ​ពីលើ​។​សាលក្រម​ចុះ​ថ្ងៃទី​៩ខែវិច្ឆិកាឆ្នាំ​២០២២របស់​សាលា ដំបូង (The General Court) នៃ​សហភាព​អឺរ៉ុប​បញ្ជាក់ថា ការដាក់​ពន្ធ​របស់​គ​ណៈ​កម្ម​ការ​អឺរ៉ុប មកលើ​អង្ករ​គ្រាប់​វែង​របស់​កម្ពុជា នៅ​ទីផ្សារ​សហភាព​អឺរ៉ុប គឺជា​វិធានការ​ខុសច្បាប់ និង​មិនមាន​ភស្តុតាង​គ្រប់គ្រាន់​។​

​សូមបញ្ជាក់ថា សហភាព​អឺរ៉ុប បានសម្រេច​យកពន្ធ​អង្ករ​ដែល​នាំចូល​ពី​ប្រទេស​កម្ពុជា សម្រាប់​រយៈពេល​៣​ឆ្នាំ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​តទៅ ដោយ​ឆ្នាំ​ដំបូង ឆ្នាំ​២០១៩ តម្លៃ​ពន្ធ​មាន​ចំនួន​១៧៥​អឺរ៉ូ (​ប្រហែល​២០០​ដុល្លារ​) ក្នុង​១​តោន​, ឆ្នាំ​ទី​២ គឺ​ឆ្នាំ​២០២០ តម្លៃ​១៥០​អឺរ៉ូ (​ប្រហែល​១៧០​ដុល្លារ​)ក្នុង​១​តោន និង​ឆ្នាំ​ទី​៣ ឆ្នាំ​២០២១ តម្លៃ​១២៥​អឺរ៉ូ (​ប្រហែល​១៤២​ដុល្លារ​) ក្នុង​១​តោន​។ ការ​សម្រេច​យកពន្ធ​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​តវ៉ា​ពី​សំណាក់​ប្រទេស​អ៉ី​តា​លី និង​ប្រទេស​អេ​ស្ប៉ា​ញ ដែលជា​ប្រទេស​នាំចេញ​អង្ករ​ទៅ​កាន់​​​អឺរ៉ុប​៕ ​ដោយៈសិរីមតី