សេដ្ឋកិច្ច

 ១០​ខែ​ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង​១​លាន​៥៧​ម៉ឺន​នាក់​

ភ្នំពេញ​៖​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បានមក​ទស្សនា​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​១០​ខែ ចាប់ពី​ខែមករា​ដល់​ខែតុលា ឆ្នាំ​២០២២ គឺមាន​ចំនួន​សរុប​១,៥៧៥,៩៥៤​នាក់ កើនឡើង​៩៩១.១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​១០​ខែ​ដូចគ្នា​នៃ​ឆ្នាំ​២០២១»​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍​នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​។​

​របាយការណ៍​បាន​បន្តថា ក្នុង​រយៈពេល​១០​ខែ​នេះ ភ្ញៀវទេសចរ​អន្តរជាតិ​មក​តាមផ្លូវ​អាកាស​ចំនួន ៥៥៩,៩១៨​នាក់​កើនឡើង​៧០៦.៦​ភាគ រយ​។​ផ្លូវគោក​១,០០៥,៥៤៩​នាក់ កើនឡើង​១២៤០.៤​ភាគរយ​និង​ផ្លូវទឹក ១០,៤៨៧​នាក់ កើនឡើង​៥២៤២៥០​ភាគរយ ខណៈ​នៅ​ឆ្នាំ​២០២១​មានតែ​២​នាក់​ប៉ុណ្ណោះ​។​

​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​បន្ថែមទៀតថា​ទីផ្សារ​ទេសចរ​កំពូល​ទាំង​១០​ដែលមាន​ភ្ញៀវ​មក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើន ជាងគេ​រួមមាន​៖១.​ថៃ ៥៩០,៩៨៤​នាក់​,២. វៀតណាម ៣៤១,៩៥៣​នាក់​,៣-​ចិន ៧៥,៩១៥​នាក់​,៤. សហរដ្ឋអាមេរិក ៦០,៩០៣​នាក់​,៥. ឡាវ ៥៩,៣៦៨​នាក់​,៦. ឥណ្ឌូ​ណេ​ស៉ី ៥៩,១២២​នាក់​,៧.​កូរ៉េខាងត្បូង ៤៣,១៧៨​នាក់​,៨. ម៉ា​ឡា​ស៉ី ៤០,១៨៤​នាក់​,៩. បារាំង ៣៧,១៥៣​នាក់​និង​១០. ចក្រភព​អង់គ្លេស ២៨,៥០៥​នាក់​។​

​ចំពោះ​ភ្ញៀវទេសចរ​កម្ពុជា​ដែល​បានធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​មាន​ចំនួន​៦៦១,០៧៣​នាក់ កើនឡើង​៣២៧៦.៣​ភាគរយ ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២២​ដូចគ្នានេះ​។​​របាយការណ៍​ដដែល​បាន​បន្តទៀតថា ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​៩,៤៧១,០៣៤​នាក់ កើនឡើង​២០៩.៨​ភាគរយ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​ចំនួន​១,៣៨៤,៤៩៨​នាក់ កើនឡើង​៦១៦.៧​ភាគរយ​៕​ដោយៈផាវី