អន្តរជាតិ

អ៊ុយក្រែនសុំឲ្យសម្ព័ន្ធមិត្តបញ្ជូនអាវុធមក ឲ្យលឿន ខណៈរុស្ស៊ីវាយប្រហារកាន់តែខ្លាំង

រដ្ឋាភិបាលអ៊ុយក្រែន បានស្នើសុំសម្ព័ន្ធមិត្តឲ្យបញ្ជូនសព្វាវុធមកឲ្យលឿនៗ ខណៈស្ថានភាព​ប្រថុយប្រថានខ្លាំង គឺរុស្ស៊ីត្រៀមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានអំពាវនាវឱ្យមានការផ្គត់ផ្គង់​សព្វាវុធ ជាពិសេសប្រព័ន្ធការពារដែនអាកាសទំនើបៗ មកកាន់អ៊ុយក្រែនឲ្យបានឆាប់រហ័ស​តាមដែលធ្វើទៅបាន។ Kuleba បាននិយាយក្នុងអំឡុងកិច្ចប្រជុំរយៈពេល២ថ្ងៃរបស់​រដ្ឋមន្រ្តីការបរទេសណាតូនៅទីក្រុង Bucharest យ៉ាងដូច្នេះថា “នៅពេលដែលយើងមាន​ប្រព័ន្ធការពារដែនអាកាស យើងនឹងអាចការពារហេដ្ឋារចនាសម្ព័ន្ធនេះពីការវាយប្រហារ​ដោយ​កាំជ្រួចរុស្ស៊ីនាពេលក្រោយៗទៀត”។ “នៅពេលដែលយើងអាចការពារម៉ាស៊ីនបំប្លែង និងម៉ាស៊ីនភ្លើង យើងអាចស្តារប្រព័ន្ធរបស់យើង បណ្តាញថាមពលរបស់យើង និងផ្តល់ឱ្យ​មក​ម​នុស្សនូវជីវភាពរស់នៅសមរម្យ”។ និយាយដោយត្រង់ៗតែម្តង លោក Kuleba បានស្នើសុំសម្ព័ន្ធមិត្តនូវប្រព័ន្ធការពារអាកាស IRIS, Hawks ក៏ដូចជា Patriots ដែលមានសមត្ថភាពបាញ់ការពារផ្ទៃមេឃស្ទាក់ចាប់មីស៊ីលទាំងពេលថ្ងៃ និងពេលយប់។

ការអំពាវនាវនេះ កើតឡើងបន្ទាប់ពីប្រទេសអ៊ុយក្រែនបានរងការខូចខាតជាបន្តបន្ទាប់​នូវប្រព័ន្ធភ្លើង ថាមពលកម្តៅធ្ងន់ធ្ងរដោយមីស៊ីលរុស្ស៊ី។ ប្រធានអង្គការណាតូ លោក Jens Stoltenberg បានចោទប្រកាន់លោកពូទីន ពីការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលបំណងប្រើប្រាស់រដូវរងាជា “អាវុធនៃសង្គ្រាម” ប្រឆាំងនឹងអ៊ុយក្រែន៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា