សន្ដិសុខសង្គម

ផ្អាកមន្ទីរព្យាបាលនិងសម្ភពដើមអង្គ្រង បណ្តោះអាសន្ន បន្ទាប់ពីវះកាត់ស្ត្រីម្នាក់កូនស្លាប់ក្នុងផ្ទៃ

កំពង់ស្ពឺ៖មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានសម្រេចបិទផ្អាកមន្ទីរសម្រាកព្យាបាល និងសម្ភព “ដើមអង្គ្រង”បណ្តោះអាសន្នបន្ទាប់ពីវះកាត់ស្ត្រីម្នាក់កូនស្លាប់ក្នុងផ្ទៃ។

លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឱ្យដឹងថា មន្ទីរបានបិទមន្ទីរសម្រាកព្យាបាលនិងសម្ភពដើមអង្គ្រង ជាបណ្តោះអាសន្ន។ក្រោយការចុះពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញចំនួន៤រូប លើករណី វះកាត់ស្ត្រីម្នាក់បណ្តាលឱ្យកូនស្លាប់ក្នុងស្បូនខណៈស្ត្រីរងគ្រោះបញ្ជូនបន្តកំពុងសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត។

លោកវេជ្ជបណ្ឌិតបានបន្តថា ស្ត្រីរងគ្រោះឈ្មោះសឿន ស្រីអូន អាយុ២២ឆ្នាំ នៅភូមិអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ស្ត្រីរងគ្រោះបានចូល សម្រាកនៅគ្លីនិកដើមអង្គ្រងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ដោយរោគវិនិច្ឆ័យកូនមាន បញ្ហាក្នុងស្បូនអាយុ១៨សប្តាហ៍។ក្រុមគ្រូពេទ្យបានព្យាបាលដោយ curretage ក្រោយមកក៏បានចេញពីគ្លីនិកដើមអង្គ្រងថ្ងៃទី១១ ខែវិច្ឆិកា។

នៅថ្ងៃទី២២ ខែវិច្ឆិកា អ្នកជំងឺក៏បានវិលមកគ្លីនិកដដែលនេះម្ដងទៀតដោយរោគសញ្ញា ឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ដោយអាការធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

គួរបញ្ជាក់ថា ករណីនេះត្រូវបានគេបង្ហោះយ៉ាងកក្រើកលើបណ្ដាញសង្គមហ្វេសប៊ុក។ប៉ុន្តែសារព័ត៌មាន Cambodia Flash News រង់ចាំទទួលការបំភ្លឺពីតំណាងមន្ទីរសម្រាក ព្យាបាលនិងសម្ភព “ដើមអង្គ្រង” ពីគ្រោះថ្នាក់កូនក្នុងផ្ទៃនោះនឹងផ្សាយបន្តនាពេលក្រោយ៕ដោយ៖វិចិត្រ