សន្ដិសុខសង្គម

ដាក់គុកបុរសចិនម្នាក់ពីបទឆបោកលុយមិត្តភក្តិចំនួន១០ម៉ឺនដុល្លារ

ភ្នំពេញ៖ តុលាការភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា បានដាក់គុកបុរសចិនម្នាក់ពីបទ​ឆបោកលុយ​១០ម៉ឺនដុល្លារ ដោយបបួលមិត្តភក្តិដាក់ទុនរកស៊ីលក់គ្រឿងសំណង់ ហើយយកលុយលេងល្បែងចាញ់អស់។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ LI YOU HANG អាយុ៥៤ឆ្នាំ ស្នាក់នៅខុនដូ បាលី ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ដើមហេតុឈានដល់ការ​ចាប់ខ្លួនគឺជនសង្ស័យត្រូវបានមិត្តភក្តិជនជាតិម៉ាឡេស៊ីជាម្ចាស់លុយបានចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ករណីឆបោកលុយចំនួន១០ម៉ឺនដុល្លារ ផ្តើមចេញពីការដាក់ទុនបង្កើតរបរលក់​គ្រឿងសំណង់។

ដោយមានការជឿទុកចិត្ត ជនរងគ្រោះក៏បានចំណាយប្រាក់ចំនួន១០ម៉ឺនដុល្លារឱ្យ​ជនសង្ស័យ​ដើម្បីទិញសម្ភារគ្រឿងសំណង់។ប៉ុន្តែចិនសង្ស័យរូបនោះនៅពេលបានលុយ​១០ម៉ឺនដុល្លាររួចហើយមិនបានយកលុយទៅទិញសម្ភារតាមការសន្យាទេ បែរជាយកលុយ​ទៅលេងល្បែងនៅកាស៊ីណូចាញ់អស់ ទើបម្ចាស់លុយតាមចាប់ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង៕ដោយ៖វិចិត្រ