សន្ដិសុខសង្គម

ចោរឆក់កាបូបលុយជាង១លានរៀល ពីបុរសម្នាក់កំពុងបើកម៉ូតូរ៉ឺម៉ក

ភ្នំពេញ៖ក្រុមចោរបានឆក់កាបូបមានលុយជាង១លានរៀលពីបុរសម្នាក់កំពុងបើកម៉ូតូ សណ្តោងរ៉ឺម៉កទៅដឹកអីវ៉ាន់នៅផ្សារដើមគបានសម្រេច ហើយជិះម៉ូតូគេចខ្លួនបាត់អស់។ ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវ២១៧ ក្បែរច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យទី២ ក្នុងខណ្ឌមានជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា។

បុរសរងគ្រោះឈ្មោះអឿន ចាន់ថេត អាយុ៣៥ឆ្នាំ បានឱ្យដឹងថា មុនកើតហេតុ គាត់បានបើកម៉ូតូសណ្តោងរ៉ឺម៉កតាមផ្លូវ២១៧ទៅផ្សារដើមគដើម្បីដឹកពោត។ពេលមកដល់កន្លែងខាងលើ ស្រាប់តែមានចោរ៤នាក់ជិះម៉ូតូ២គ្រឿងមកពីក្រោយ ក៏ឆក់យកកាបូបដែលស្ពាយនឹងខ្លួន។

ពេលនោះដោយទាក់ខ្សែកាបូបជាមួយដៃម៉ូតូបណ្តាលឱ្យរ៉ឺម៉កក្រឡាប់ រីឯកាបូបត្រូវជនសង្ស័យយកបានសម្រេចរួចជិះគេចខ្លួនបាត់អស់។ក្រោយកើតហេតុ បុរសរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលដើម្បីសុំឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខសញ្ញាឆក់កាបូបយកមកផ្តន្ទាទោសតាមច្បប់៕ដោយ៖វិចិត្រ