អន្តរជាតិ

អ្នក​ប្រដាល់​ Alvarez គំរាម Messi ដោយ​ចោទថាប្រមាថអាវ World Cup របស់​ម៉ិកស៊ិក​

អ្នកប្រដាល់ជើងឯកពិភពលោក Saul Canelo Alvarez បានធ្វើ​ការព្រមានចំពោះ​កីឡាករ​ Lionel Messi បន្ទាប់ពីមាន​វីដេអូមួយលេចឡើង ដែល​បង្ហាញ​ពីការ​អបអរនូវ​ជ័យជម្នះពី​​ការ​ប្រកួតក្នុងព្រឹត្តិការណ៍ World Cup ​របស់ក្រុម​ជម្រើស​ជាតិអាហ្សង់ទីនលើក្រុមម៉ិកស៊ិក ដោយឃើញ​​អាវរបស់​ក្រុម​ជម្រើសជាតិ​ម៉ិកស៊ិកនៅលើឥដ្ឋ។

វីដេអូដែលបានចែករំលែកនៅលើបណ្ដាញសង្គម បានបង្ហាញថា កីឡាករ Messi ហាក់ដូចជាជាន់​អាវរបស់​កីឡាករក្រុមម៉ិកស៊ិក ខណៈពេលដែលរូប​គេ​និងមិត្តរួមក្រុមរបស់ខ្លួន បានលោតអបអរនៅក្នុងបន្ទប់ផ្លាស់ប្តូររបស់ពួកគេ បន្ទាប់ពីដណ្ដើម​បាន​ជ័យជម្នះ ២-០ កាលពីថ្ងៃសៅរ៍។

«តើអ្នកបាន​ឃើញ Messi កំពុងសម្អាតបន្ទប់ផ្លាស់សម្លៀកបំពាក់ជាមួយអាវ និងទង់ជាតិរបស់យើងទេ? រូប​គេ​គួរ​តែ​សុំ​ពរ​ពីព្រះ​ថា កុំ​ឱ្យ​ខ្ញុំ​ជួប​រូប​គេ​ឱ្យ​សោះ​»។​ នេះ​ជាការ​សរសេរ​រៀប​រាប់​របស់​អត្តពលិក​សញ្ជាតិម៉ិកស៊ិក Alvarez ដែលជាអ្នកប្រដាល់ជើងឯក ៤ទម្ងន់ផ្សេងគ្នា នៅលើបណ្ដាញសង្គម Twitter។

ការផ្ទុះកំហឹងរបស់អ្នក​ប្រដាល់ Alvarez ត្រូវ​បានឆ្លើយតបភ្លាមៗពីអ្នកដែលការពារកីឡាករ Messi ដោយ​ពួកគេ​អះអាងថា មិនមានអ្វីប្លែកនោះ​ឡើយ ដែល​អាវរបស់​កីឡាបាល់ទាត់នៅលើឥដ្ឋបន្ទាប់ពីការប្រកួត។ ប្រធានរបស់​ក្រុមអាហ្សង់ទីន Messi បានប្តូរអាវជាមួយកីឡាករ Andres Guardado របស់​ក្រុម​ម៉ិកស៊ិក។

មនុស្សមួយចំនួនបានឆ្លើយតបទៅ Alvarez ដោយចង្អុលថា វីដេអូនេះមិនបានបង្ហាញថាកីឡាករ Messi កំពុងសម្អាតអ្វីនោះទេ ហើយក៏មិនឃើញមានទង់ជាតិម៉ិកស៊ិកនោះដែរ។ ប៉ុន្តែ Alvarez បាន​ទទូច​ម្ដង​ជា​ពីរ​ដង​​ថា Messi បាន​ប្រមាថប្រទេសម៉ិកស៊ិក។

លោក Sergio Aguero (Kun) ដែល​ជា​អតីតខ្សែប្រយុទ្ធរបស់​ក្រុមអាហ្សង់ទីន និងក្រុម​មេឃខៀវ Manchester City បានបន្ថែម​ដល់​ការជជែកដេញដោលនេះ ដោយឆ្លើយតបទៅ Alvarez តាម​រយៈ​ការ​សរសេរនៅ​លើ Twitter ​ថា៖ «លោក Canelo (Alvarez) កុំស្វែងរកលេស និងបញ្ហា អ្នកប្រហែលជាមិនដឹងអំពីបាល់ទាត់ និងអ្វីដែលកើតឡើងនៅក្នុងបន្ទប់ផ្លាស់ប្តូរនោះ​ទេ។ អាវរបស់​កីឡាករតែងតែនៅលើឥដ្ឋ បន្ទាប់ពីការប្រកួត ដោយសារញើស»។

Alvarez បានជាប់​រវល់​នឹង​ការ​លើកឡើង​​នូវ​ទឡ្ហីករណ៍ជា​ច្រើននៅ​លើ​បណ្ដាញ​សង្គម Twitter ក្នុង​នោះ​រួមមាន​ទាំងអ្នកសារព័ត៌មាន​ផងដែរ៕