អន្តរជាតិ

អ៊ុយក្រែន៖ រុស្ស៊ី​វាយ​ប្រហារ​​​មីស៊ីល​ជាង ១៦.០០០ លើក​​ចាប់​តាំង​ពី​សង្គ្រាម

អ៊ុយក្រែនសរុបរបាយការណ៍ចុងក្រោយថា ចាប់តាំងពីសង្រ្គាមថ្ងៃដំបូងចុងខែកុម្ភៈមក ដល់ឥឡូវ រុស្ស៊ីបានវាយប្រហារដោយកាំជ្រួចមីស៊ីលជាង១៦.០០០ដង ខណៈ៩៧% កំណត់គោលដៅលើជនស៊ីវិល។

នេះដោយយោងតាមសំដីរបស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov កាលពីថ្ងៃចន្ទទី២៨​ ខែវិច្ឆិកា លើបណ្តាញសង្គមធ្វីតធ័រ។ ក្នុងនោះចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយកាំជ្រួចច្រើនជាង ១៦.០០០ ដងលើអ៊ុយក្រែន។ ការវាយប្រហារទាំងនេះ កើតឡើងតិចណាស់មកលើកងកម្លាំង អ៊ុយក្រែន តែភាគច្រើនរហូតដល់៩៧%គឺរុស្ស៊ីបានកំណត់គោលដៅលើជនស៊ីវិល។

រុស្ស៊ីបានងាកទៅរកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក       ចំពេលដែលមានការបាត់បង់ជាច្រើនក្នុងសមរភូមិនាពេលចុងក្រោយនេះ។ Reznikov បាននិយាយថា “យើងកំពុងប្រយុទ្ធប្រឆាំងនឹងរដ្ឋភេរវករ” ។ “អ៊ុយក្រែននៅទីបញ្ចប់ គង់តែនឹងឈ្នះ ហើយនឹងនាំឧក្រិដ្ឋជនសង្គ្រាមទៅកាត់ទោស”។

គួរជម្រាបថា មិនមែនតែអ៊ុយក្រែនទេដែលហៅរុស្ស៊ីជារដ្ឋភេរវករ កាល​ពី​សប្តាហ៍​មុន សភា​អឺរ៉ុបទាំងមូលក៏​បាន​ប្រកាស​រុស្ស៊ី​ថា​ជា​រដ្ឋ​​ភេរវកម្ម​ជាផ្លូវការដែរសម្រាប់​ការ​វាយ​ប្រហារ​លើ​ទីតាំង​ជន​ស៊ីវិល៕

ប្រភព៖ CNBC

ប្រភពរូប៖CNBC
ប្រែសម្រួល៖សុខ តុលា